
លោក សុខ ថុល អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព លទ្ធផលរបស់គម្រោងក្នុងរយៈពេលអនុវត្ត ៦ឆ្នាំ ជាក់ស្តែងអនុវត្តជាផ្លូវការចាប់តាំងពីខែ មិថុនា ឆ្នាំ២០១៧ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងទឹកប្រាក់២២.១៧លានដុល្លា ដែលជាហិរញ្ញប្បទានពីធនាគារពិភពលោកចំនួន២០.១៧លានដុល្លារ រួមជាមួយថវិករបស់រាជរដ្ឋាភិបាល ២លានដុល្លារ លើគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ធ្វើនៅគោលដៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប។ គម្រោងលាភត្រូវបានសម្របសម្រួលដោយក្រសួងមហាផ្ទៃ ហេីយរដ្ឋបាលខេត្តសៀមរាបជាអ្នកអនុវត្ត ដោយកំណត់ជ្រើសរើសយក ៤៧ឃុំ សង្កាត់ ក្នុងចំណោម ០៩ក្រុង ស្រុក ជាឃុំ សង្កាត់គោលដៅ ដេីម្បីជួយដល់គ្រួសារក្រីក្រ។ គិតមកត្រឹមពេលនេះ បានទម្លាក់ទុនចំនួន ០២លើក ដល់ក្រុមជួយខ្លួនឯងចំនួន ៩៧៥ក្រុម ស្មើនឹងទឹកប្រាក់ ២ ២៧៧ ២៨០ដុល្លារសហរដ្ឋអាមេរិក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានចំនួន ១៤៧គម្រោង ព្រមទាំងបានបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមបានចំនួន ៧៨៤នាក់ ស្រី ៣៩៤នាក់ លើជំនាញកាត់ដេរ ឆុងកាហ្វេ ជួសជុលម៉ាស៊ីនខ្នាតតូច រថយន្ត ម៉ូតូ ម៉ាស៊ីនត្រជាក់ សំអាងការ សំអាងកាយ (សាឡន)អគ្គិសនី និងបេឡាធិការ។
នាឱកាសនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរដល់ក្រុមការងារអនុវត្តគម្រោង និង រដ្ឋបាលក្រុង ស្រុកគោលដៅ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ (ក្រ១ ក្រ២ និងងាយរងគ្រោះ) នៅក្នុងមូលដ្ឋានខ្លួន។ ឯកឧត្តមក៏បានសាទរចំពោះចំណាប់អារម្មណ៍របស់សិក្ខាកាមបានលើកឡើង អំពីជំនាញរបស់ខ្លួនទទួលបាន និង យកទៅបម្រើនូវផលប្រយោជន៍ក្នុងសង្គម ក៏ដូចជាទ្រទ្រង់ផ្គត់ផ្គង់ជីវភាពនៅក្នុងក្រុមគ្រួសារ ។ ឯកឧត្តមអភិបាលខេត្តក៏បានលើកផងដែរថា គម្រោងលាភ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងមហាផ្ទៃ និង អនុវត្តដោយរដ្ឋបាលខេត្តសៀមរាប។ ម៉្យាងទៀត កម្មវិធីអភិវឌ្ឍជំនាញនេះ ជាការពង្រឹងសក្តានុពលក្នុងការបង្កើនប្រាក់ឈ្នួល និងលទ្ធភាពទទួលបាននូវឱកាសការងារសម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្នុងសហគមន៍ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង ភ្ជាប់ទំនាក់ទំនងទៅនឹងឱកាសការងារថ្មីៗដែលល្អប្រសើរជាងមុន។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលបានទទួលពីសាលា យកទៅបម្រើការងារ រកចំណូលក្នុងការផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និង បន្តបង្រៀនដល់អ្នកជំនាន់ក្រោយក្នុងមូលដ្ឋានខ្លួនផងដែរ ហេីយឯកឧត្តម ទៀ សីហា និង លោកជំទាវក៏បានធ្វើការឧបត្ថម្ភនូវថវិកាដល់សិក្ខាកាមទាំង១០៥នាក់ ដោយម្នាក់ៗ ទទួលបាន ៦ម៉ឺនរៀលផងដែរ៕