
លោក សុខ ថុល អភិបាលរងខេត្តបានផ្តល់នូវអនុសាសន៍មួយចំនួនដល់សិក្ខាកាមទាំងអស់ ដើម្បីធ្វើការពិនិត្យពិចារណាយកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដូចខាងក្រោម៖
១-បន្តពង្រឹងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ការទទួលខុសត្រូវ និងយកប្រយោជន៍ជាតិជាធំ ដោយមានកិច្ចសហការល្អ ប្រទាក់ក្រឡាជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាកំសាន្ត និងគណៈប្រតិភូ កិច្ចប្រជុំ សន្និសីទជាតិ-អន្តរជាតិ ដែលប្រារព្ធក្នុងទឹកខេត្តសៀមរាប។
២-បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈការចលនាមន្រ្តីរាជការគ្រប់ៗរូប ផ្នែកឯកជន អង្គការ សង្គមស៊ីវិល និងសាធារណជនឱ្យចូលរួមអនុវត្ត និងសហការឱ្យបានទូលំទូលាយ និងសស្រាក់សស្រាំនៅទូទាំងខេត្ត។
៣-កងកម្លាំងនគរបាល ដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវខិតខំលើក កម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ដោយភាពស្អាតស្អំ ព្រមទំាងខិតខំ ប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងយុត្តិធម៌។
៤-ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ជាអាទិ៍ បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក្មេងទំនើង ការផលិត ចរាចរ ប្រើប្រាស់ រក្សាទុកគ្រឿងញឿនគ្រប់ប្រភេទ ល្បែងស៊ីសង ការនាំចូលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដោយខុសច្បាប់ (គេចពន្ធ) និងសហការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
៥-ត្រូវបន្តផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានរហ័ស តម្លាភាព ប្រសិទ្ធភាព ជាអាទិ៍ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បន្តជម្រុញសកម្មភាពក្នុងការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ និងហួសសុពលភាពឱ្យបានគ្រប់ៗគ្នា ជៀសវាងទង្វើ អសកម្មណាមួយ ដែលបង្កឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
៦-បន្តអប់រំ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការខូចខាត ឬផលវិបាក ពីគ្រោះថ្នាក់ចរាចរ ដែលមិនទាន់មានការថមថយនៅឡើយ។
លោកបានបន្ថែមថាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះ ដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យនានាទៀតមានការរីកចម្រើនស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យ នេះដើម្បីរក្សាបាននូវ សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺចាំបាច់បំផុត នូវកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាសសរទ្រូង នៃប្រទេសជាតិក្នុង «ការកសាង ការការពារ និងអភិវឌ្ឍន៍ប្រទេស ដូច្នេះកងកម្លាំងត្រូវតែជាធនធាន ប្រកបដោយកាយសម្បទាល្អមាំមួន មានក្រមសីលធម៌ មានសេចក្ដីថ្លៃថ្នូរ និងនិងត្រូវម៉ឺងម៉ាត់ជាដាចខាត» សក្តិសមជាកូនរបស់ប្រជាពលរដ្ឋ សម្រាប់បម្រើប្រជាពលរដ្ឋ ដែលទាមទារជាចាំបាច់នូវការអនុវត្ដយ៉ាងម៉ឺងម៉ាត់រាល់លិខិតបទដ្ឋានគតិយុត្តិ ផែនការ បទបញ្ជាតាមឋានានុក្រមគ្រប់ជាន់ថ្នាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទំាងនេះជាភារកិច្ចរបស់កងកម្លាំងនគរបាល ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដើម្បីសេចក្ដីសុខក្សេមក្សាន្ដរបស់ប្រជាពលរដ្ឋ និងជាកម្លាំងអន្ដរាគមន៍ពេលមានគ្រោះមហន្តរាយ និងកិច្ចការសង្គមផ្សេងៗ ដូចជា ការជួយពន្លត់អគ្គិភ័យ គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងសកម្មភាពជាយថាហេតុនានាផងដែរ៕
+34