
លោកស្រី ម៉ននី រងី្ស បានលើកឡើងថា ដើម្បីបង្កើនចំណេះដឹង និង បទពិសោធន៍ថ្មីៗ បន្ថែមទៀត សំដៅលើកកម្ពស់ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រាស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាន នានា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌ ដោយធ្វើការបំផុស រំលេច សមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៍ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសរំលេចនូវស្នាដៃដ៏ធំធេង ជាមរតកប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន ៤ ចំណុច សំខាន់ៗ ទី១- ស្នាដៃប្រវត្តិសាស្ត្រ ផ្តើមចេញពីរណសិរ្សរួបរួមជាតិ ដើម្បីសង្គ្រោះជាតិ និងអាយុជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍, ទី២- រណសិរ្ស ដើម្បីបញ្ចប់ សង្គ្រាម ស្វែងរកដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះប្រដាប់អាវុធនៅកម្ពុជា ឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១ , ទី៣- គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល , ទី៤-ការអនុគ្រោះ យោគយល់ សម្រាប់ជនតាំងខ្លួនជាអ្នកភៀសខ្លួននយោបាយ ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការរួបរួមជាតិ ដើម្បីវឌ្ឍនភាពរួម ក្នុងទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ លោកស្រីអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូស្រាល ខេត្តសៀមរាបក្នុងពេលកន្លងមក បានទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិនៃកិច្ចប្រជុំអាស៊ានការពារជាតិ និង ត្រៀមលក្ខណៈ ទទួលស្វាគមន៍ការយាននិងអញ្ជើញរបស់ព្រះករុណា និង សម្តេចនាយករដ្ឋមន្ត្រី ក្នុងការប្រទានភ្លើងគុបកីឡា ស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងជាទីកន្លែងការជឹះកង់ផងដែរ។
លោកស្រីក៏បានបញ្ជាក់ថា តួនាទីជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព គឺមានលក្ខណៈសំខាន់ និង មានភាពរហ័សរហួនទៅនឹងស្ថានភាពដែលកើតឡើង និង ត្រូវមានចំណេះដឹងខ្ពស់ទៀតផង។ វិស័យព័ត៌មាន ជាការងារសត្តិអារម្មណ៍នយោបាយ និង ជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និង ដើម្បីជម្រុញប្រសិទ្ធភាពនៃការផ្សព្វ ផ្សាយបំផុសព័ត៌មាន ឲ្យកាន់តែនៅកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និង រំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ លោកស្រីសង្ឃឹមជឿជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ គឺមានគោលការណ៍ ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។
តាមបទបង្ហាញរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានបញ្ជាក់យ៉ាងច្បាស់លាស់ អំពីយុទ្ធសាស្ត្រ វិធីសាស្ត្រ ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវ អភិបាលកិច្ចល្អ នៃវិស័យព័ត៌មាន នៅថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ចូលកៀកប្រជាពលរដ្ឋ ។ ជាពិសេស ត្រូវអនុវត្ត វេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញខេត្ត ដើម្បីផ្ដល់ ការយល់ដឹង ជាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស័ក្ដិសិទ្ធិ ដើម្បីចូលរួមសម្រេចបាន នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សាការពារសិទ្ធដ៏ធំធេង ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេស ដែលជាគោលជំហរដ៏មោះមុត របស់រាជរដ្ឋាភិបាល ៕