
លោក អភិបាលរង បានលើកឡើងថា ជាទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ឱ្យតែខិតជិតមកដល់នូវរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែមានការតុបតែងលម្អ រៀបចំផ្ទះសម្បែងអោយមានរបៀបរៀបរយដើម្បីទទួលសិរីសួស្តីឆ្នាំថ្មី ក្នុងន័យនេះក្រៅពីសម្អាតផ្ទះរៀងៗខ្លួនហើយ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបក៏បានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងការជួយសម្អាត កែលម្អសោភ័ណភាពខេត្តយើងអោយកាន់តែមានភាពស្រស់ស្អាតឱ្យស័ក្តសមជាខេត្តទេសចរណ៍។ បន្ទាប់រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគយ៉ាងធំក្នុងខេត្តសៀមរាបលើវ័ស័យហេដ្ឋារចនាសម្ព័ន្ធ ខេត្តសៀមរាបបានប្តូរមុខមាត់ស្ទើរទាំងស្រុង ហើយបាននិងកំពុងបន្តធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ធំៗ សំខាន់ៗជាច្រើនទៀត ដូច្នេះបរិស្ថានស្អាត សោភណ្ឌភាពស្អាតគឺជាកត្តាចាំបាច់ និងសំខាន់បំផុតសម្រាប់ខេត្តសៀមរាបយើងដែលជាខេត្តដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍។
លោក អភិបាលរងខេត្តបានបន្តថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ គឺជាយុទ្ធនាការជាប្រចាំលើការងារបរិស្ថានរបស់ស.ស.យ.កខេត្តសៀមរាប ដែលត្រូវបង្កើតឡើងដើម្បីជួយលើកកម្ពស់ភាពជាម្ចាស់នៃភាពស្អាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងព្យាយាមបង្កើតទម្លាប់ល្អនៃការស់នៅស្អាតជាប្រចាំ ដោយចាត់ទុកសៀមរាបឱ្យដូចជាផ្ទះមួយដ៏ធំរបស់យើងទាំងអស់គ្នា៕