
លោក សុខ ថុល អភិបាលរងខេត្តបានថ្លែងថា ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងផែនការត្រូវអនុវត្ដំដំណើរការជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ក្នុងការទទួលបាននូវព័ត៌មានគ្រប់ផ្នែកក្នុងវិស័យកសិកម្ម និងធ្វើជាទិន្នន័យមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ និងរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងគម្រោងនានាសំដៅពង្រឹង និងធ្វើឲ្យប្រសើរ ឡើងនូវប្រព័ន្ធស្ថិតិកសិកម្ម ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច។ ការធ្វើជំរឿនកសិកម្មឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើ មិនអាចខ្វះបាន ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យសម្រាប់ជាធាតុចូល ដ៏សំខាន់ក្នុងការធ្វើគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម និង សុខមាលភាពរបស់ប្រជាជនកម្ពុជា ហើយនឹងជាសូចនាករយ៉ាងសំខាន់ សម្រាប់ធ្វើការត្រួតពិនិត្យតាមដានវាយតម្លៃលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍថ្នាក់ក្រោមជាតិសម្រាប់វិស័យកសិកម្ម។
លោក អភិបាលរងខេត្តបានបន្តថា ការងារជំរឿនកសិកម្ម គឺជាកិច្ចការមួយមានវិសាលភាពធំធេងគ្របដណ្តប់ទូទាំងប្រទេស ដែលចាំបាច់ត្រូវការនូវមន្រ្តីជំរឿន ចុះសម្ភាសន៍ធ្វើបញ្ជីអង្គភាពកសិកម្ម ការគូសផែនទីមណ្ឌលជំរឿន និងការសម្ភាសន៍ប្រមូល ទិន្នន័យជំរឿនកសិកម្ម។ ជាពិសេស គឺត្រូវមានការចូលរួមកិច្ចសហការពីម្ចាស់អង្គភាពកសិកម្ម គ្រួសារកាន់កាប់កសិកម្ម ឬកសិដ្ឋានកសិកម្មគ្រប់ប្រភេទ ជាពិសេសក្រសួងស្ថាប័ន និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់(ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុកក្នុងខេត្ត) សម្រាប់យុទ្ធនាការជំរឿន កសិកម្មឱ្យបានជោគជ័យមាន គុណភាពល្អ ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ក្នុងន័យនេះ សូមស្នើអ្នកពាក់ព័ន្ធចូលរួមសហការ និងអនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ ឱ្យមានប្រសិទ្ធភាពនៅគ្រប់ដំណាក់កាលនៃជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ តាមការរំពឹងទុក។ ជាពិសេសជួយធ្វើការ សម្របសម្រួលចំពោះគ្រួសារកាន់កាប់កសិកម្ម ឬសហគ្រាសកសិដ្ឋានកសិកម្មខ្នាតធំទាំងទ្បាយ ណាដែលពុំសហការផ្តល់ការសម្ភាសន៍ ឬចម្លើយដល់មន្រ្តីជំរឿនកសិកម្ម ដើម្បីធ្វើយ៉ាងណាឱ្យ ការធ្វើជំរឿននេះបានដំណើរការរលូន និងសម្ភាសន៍គ្រប់អង្គភាពកសិកម្មទាំងអស់នៅក្នុងដែនដីនៃក្រុងស្រុក៕