
លោក សុខ ថុល អភិបាលរងខេត្តបានជម្រាបដល់អង្គប្រជុំថាងការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានរៀបចំឡើងដោយក្រសួងមហាផ្ទៃនាឆ្នាំ២០២២កន្លងមក រដ្ឋបាលខេត្តសៀមរាបបានទទួលចំណាត់ថ្នាក់ជ័យលាភីជើងឯកលេខ១ ចំណែកឯការប្រកួតរវាងរដ្ឋបាលក្រុង ស្រុកជាមួយរដ្ឋបាលក្រុង ស្រុកទោះជារដ្ឋបាលក្រុង ស្រុកក្នុងខេត្តសៀមរាបពុំទទួលបានតំណែងជើងឯកក៏ដោយក៏រដ្ឋបាលក្រុង ស្រុករបស់ខេត្តសៀមរាបយើងទទួលបានចំណាត់ថ្នាក់ផ្កាយ៣ចំនួន ៥ ក្រុង ស្រុក ,ចំណាត់ថ្នាក់ផ្កាយ២ចំនួន ៥ស្រុក និងចំណាត់ថ្នាក់ផ្កាយ១ចំនួន១ស្រុក រីឯឃុំសង្កាត់ទទួលបានពានរង្វាន់ជើងឯកលេខ២ គឺឃុំបាគង ចំណាត់ថ្នាក់ផ្កាយ៣ចំនួន ៤៦ឃុំ សង្កាត់ ចំណាត់ថ្នាក់ផ្កាយ២ចំនួន ២៦ឃុំ សង្កាត់ និងចំណាត់ថ្នាក់ផ្កាយ១ចំនួន ៤ឃុំ សង្កាត់ផងដែរ។ លទ្ធផលទាំងអស់នេះបានស្តែងអោយឃើញថា ខេត្តសៀមរាបបានទទួលចំណាត់ថ្នាក់ខ្ពស់ជាងរាជធានីខេត្តផ្សេងៗដោយទទួលបានចំណាត់ថ្នាក់ផ្កាយ៣ និងផ្កាយ២ ច្រើនជាងរាជធានីខេត្តផ្សេងៗ។
លោក អភិបាលរងខេត្តបានជំរុញដល់ក្រុង ស្រុកត្រូវខិតខំប្រឹងប្រែងបន្តទៀតដើម្បីដណ្តើមពានរង្វាន់ ក៏ដូចជារក្សាចំណាត់ថ្នាក់ល្អដដែលសម្រាប់ការប្រកួតប្រជែងវគ្គទី២ដែលត្រូវបានកំណត់យកសូចនាករនានាក្នុងឆ្នាំ២០២២ សូមអស់លោក លោកស្រីប្រមូលនូវសូចនាករពាក់ព័ន្ធនានាអោយបានគ្រប់ចំនួនទៅតាមទម្រង់ដែលក្រុមការងារខេត្តបានផ្តល់នាពេលកន្លងមក។ យើងទាំងអស់គ្នាបានឃើញហើយថាសកម្មភាពសេវាសង្គម គឺមានសារៈសំខាន់ណាស់ព្រោះសកម្មភាពនេះឆ្លើយតបទៅនឹងបញ្ហា តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ពិសេសការគិតគូរបញ្ហាសុខភាពស្រ្តី កុមារ និងអាហារូបត្ថម្ភ អនាម័យ ទឹកស្អាត ការអប់រំកុមារតូច កិច្ចការពារកុមារ អត្រានុកូលដ្ឋាន និងបញ្ហាភាពងាយរងគ្រោះ។ ដូច្នេះ ក្នុងនាមយើងជាអ្នកផ្តល់សេវានៅមូលដ្ឋាន ត្រូវមានការយល់ដឹងពីការងារសេវាសង្គមនេះអោយបានស៊ីជម្រៅ និងច្បាស់លាស់បន្ថែមទៀត ៕