
ឯកឧត្តម សួស សុខចាន់ បានបញ្ជាក់ថា វេទិកាពិគ្រោះយោបល់ពហុវិស័យនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់យល់ដឹងថែមទៀត អំពីយន្តការទទួល និងដោះស្រាយបណ្តឹងតាមរយៈរបាយការការិយាល័យប្រជាពលរដ្ឋ ទទួលបានគ្រប់ មធ្យោបាយ និង សិក្សាស្វែងយល់ពីប្រសិទ្ធភាពនៃការឆ្លើយតប អំពីបញ្ហាប្រឈម និងកម្រិក លទ្ធភាពក្នុងការដោះស្រាយ រាល់សំណើ សំណូមពរ និងបណ្តឹង ព្រមទាំងប្រមូលចងក្រងព័ត៌មាន ទិន្នន័យទាក់ទងនឹងសំណើ សំណូមពរ បណ្តឹង និង ការឆ្លើយតបការដោះស្រាយបណ្តឹងនានា ដែលបានធ្វើកន្លងមក និងរៀបចំរបាយការណ៍សម្រាប់វេទិកាពហុវិស័យថ្នាក់ជាតិ ។ ឯកឧត្តមក៏បញ្ជាក់ទៀតថា ដើម្បីស្តារ និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ សំដៅធ្វើយ៉ាងណាឱ្យប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនឡើងវិញលើគ្រប់វិស័យ ទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងធុរៈកិច្ចរបស់វិស័យឯកជន ទាំងផ្នែកសហគ្រិនក្នុង និងក្រៅប្រព័ន្ធ ធ្វើយ៉ាងណាឱ្យវិស័យទាំងអស់នោះវិលមករកប្រក្រតីភាព និងមានវឌ្ឍនភាពដ៏ពេញលេញ ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបានបន្តទៀតថា ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានារួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងជាពិសេស គឺការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ រយៈ-ពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១-២០៣០។ ក្នុងនោះឯកឧត្តមបានបញ្ជាក់ផងដែរថា តាមរយៈការិយាល័យប្រជាពលរដ្ឋ យើងក៏បានផ្តល់ព័ត៌មាន ទទួល និង ដោះស្រាយនូវសំណួរ សំណើ សំណូមពរ ក៏ដូចជាបណ្តឹងផ្សេងៗ ជូនប្រជាពលរដ្ឋ តាមរយៈមធ្យោបាយផ្សេងៗ រួមមាន តុពិសេស ប្រអប់សំបុត្រ ទូរស័ព្ទ ប្រព័ន្ធអេឡិកត្រូនិក និង កម្មវិធីទូរស័ព្ទដៃ "មតិយើង" ដែលផលិតដោយគម្រោងសាលាអភិបាលកិច្ច។
មានប្រសាសន៍នោះដែរលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត ក៏បានលើកផងដែរថា ដើម្បីអនុវត្តគម្រោងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងមានភាពរលូន គម្រោងបានសហការអនុវត្តជាមួយ នាយកដ្ឋានចំនួន២ នៃក្រសួងមហាផ្ទៃ(១)នាយកដ្ឋានមុខងារ និងធនធាន និង២ នាយកដ្ឋានសុចរិតភាព និង អភិបាលកិច្ច ។ ដោយមានកិច្ចសហការដ៏ល្អជាមួយនាយកដ្ឋានមុខងារ និងធនធាន កម្មវិធីទូរស័ព្ទដៃមួយមាន ឈ្មោះហៅថា «មតិយើង» ត្រូវបានអភិវឌ្ឍឡើងសម្រាប់ឲ្យប្រជាពលរដ្ឋមានឱកាសធ្វើការផ្ដល់ព័ត៌មានត្រឡប់ ដែលទាក់ទងនឹងការផ្តល់សេវាសាធារណៈ ព្រមជាមួយគ្នានោះក៏ជាមធ្យោបាយឲ្យការិយាល័យប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងការប្រមូលព័ត៌មាន មតិយោបល់ និងធ្វើការសម្របសម្រួលឆ្លើយតបបានភ្លាមៗយ៉ាងមានប្រសិទ្ធភាព ទៅប្រជាពលរដ្ឋវិញ សំដៅលើកែលម្អការផ្តល់សេវាសាធារណៈឲ្យកាន់តែមានការឆ្លើយតបឲ្យមានតម្លាភាព គណនយ្យ និងប្រកបដោយបរិយាបន្ន ។ លោកស្រីក៏បានបន្តទៀតថា កន្លងមក គម្រោងក៏បានរៀបចំវេទិការសាធារណៈថ្នាក់ឃុំ សង្កាត់ ចំនួន២០ នៅក្នុងតំបន់គោលដៅនៃគម្រោង ដើម្បីប្រមូលមតិយោបល់ពីប្រជាពលរដ្ឋទាក់ទងនឹងសេវាសាធារណៈជារួម និងដោយឡែកផ្តោតទៅលើសេវារដ្ឋបាលផងដែរ ៕