
បន្ទាប់ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានរាយការណ៍ជូនអង្គសន្និបាតរួចមក សម្តេចពិជ័យសេនាបានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបានងេីបឡេីងវិញក្រោយពីស្ដារផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និង វិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន ៧,២% នៅឆ្នាំ២០២២។ នៅក្នុងឆ្នាំ ២០២២ កម្ពុជាយើងក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ប្រកបដោយលក្ខណៈ សេរីត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និង បទបញ្ជា ពីការបោះឆ្នោត ព្រមទាំងរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់ និង សុវត្ថិភាព សម្រាប់ការបោះឆ្នោត យ៉ាងល្អប្រសើរ ។ ជាងនេះទៅទៀត ប្រទេសយើងមានតួនាទី ជាប្រធានអាស៊ាន ដែលបានសម្រេចដោយជោគជ័យ និង ជាប្រវត្តិសាស្ត្រ នៃការរៀបចំ ប្រជុំសភាអាស៊ាន លើកទី ៤០,៤១។ ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ យើងក៏បានកត់សម្គាល់ អំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមទាំងកិច្ចការជាច្រើន ដែលត្រូវបន្តខិតខំពុះពារនិងអនុវត្តឲ្យបានល្អជាបន្តទៀត ។
សម្ដេចក៏បានកោតសរសើរ និង ឯកភាពតាមរបាយការណ៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានគូសបញ្ជាក់អំពី ខ្លឹមសារសំខាន់ៗ ដែលសន្និបាតយកទៅពិភាក្សា ចំណុចទាំងនេះ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ តុលាការ ការរៀបចំក្រុងសៀមរាប ក្នុងការចូលរួម អនុវត្តគម្រោង ទីក្រុងវៃឆ្លាត និងការងារវឌ្ឍនភាព នៃការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន និងក្រុង ស្រុក នៅទូទាំងខេត្តសៀមរាប។ តាមស្មារតីនៃអង្គសន្និបាតបានលើកឡើង ហើយសម្ដេចបានសង្ឃឹម និងជឿជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលគ្រប់ថ្នាក់ តាំងពីថ្នាក់ ខេត្ត ស្រុក ក្រុង ឃុំសង្កាត់ និងបន្តខិតខំអនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ដោយច្បាប់ បទដ្ឋានគតិយុត្ត ដែលរដ្ឋបាលនីមួយៗ មានការទទួលខុសត្រូវ ទៅតាមច្បាប់ជាធរមាន ហើយក៏ដូចជាចូលរួមគាំទ្រ ដល់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល កម្មវិធីការងាររបស់រដ្ឋបាលខេត្ត ហើយក៏ជឿជាក់លើក្រុមការងារ របស់យើង ក្នុងការគាំទ្របញ្ហានេះ។
សម្ដេច បានលើកនូវចំណុចសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ លើកការអនុវត្តចំពោះមុខក្នុងឆ្នាំ ២០២៣ មានទាក់ទងទៅនឹងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម នឹងត្រូវបន្តខិតខំ ថែរក្សាសុខសន្តិភាព ស្ថេភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋជាដើម។
សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ភារកិច្ចចំពោះ មុខរបស់រដ្ឋបាលខេត្ត លើការទទួលស្វាគមន៍នូវខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង ប៉ារ៉ាហ្គេម ២០២៣ ព្រមទាំងធ្វើការជំរុញដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់លើការបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ សំខាន់សិស្សានុសិស្ស ស្រទាប់យុវវ័យ ដោយគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករបំបាំងមុខដ៏សាហាវបំផុត។ ម៉្យាងវិញទៀត ត្រូវជំរុញដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសការបរិច្ឆេទឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងមូលដ្ឋានខ្លួន ដើមី្បត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការចំនួន១១៦រូបផងដែរ៕