
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក Stefan Hanselmann តំណាងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រួចមក លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយនេះនិងអង្គការដៃគូដែលបានបង្កើតឲ្យមានវគ្គនេះឡើង ក្នុងគុណប្រយោជន៍ ដល់មន្ត្រីអនុវត្ត ក៏ដូចជាប្រតិបត្តិករ ពាណិជ្ជករ កាន់តែបានយល់កាន់តែច្បាស់ អំពីការគ្រប់គ្រងលើផលិតផល ដែលបានចែងនៅក្នុងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និង ច្បាប់ស្តីពី ការប្រកួតប្រជែងនៅក្នុងទីផ្សារ ។ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថាវគ្គផ្សព្វផ្សាយនេះ នឹងធ្វើការបង្ហាញជូនដល់បងប្អូនសិក្ខាកាម អំពីសារៈសំខាន់ទៅលើការការពារកម្មសិទ្ធបញ្ញា ក៏ដូចជាការការពារផលិតផល ដែលមានផលប្រយោជន៍ ដែលជាធនធានមួយមានតម្លៃ ហើយក៏ជាមូលនិធិមួយដែលយើងគ្រប់គ្នាមើលមិនឃើញនោះ ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះឯកឧត្តម ផាន អូន ក៏បានលើកឡើងអំពីសាវតា និង អំពីគោលបំណងសិក្ខាសាលានាថ្ងៃនេះនឹង ដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ដើម្បីពង្រឹងឲ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងរបស់ភាគីពាក់ព័ន្ធរួមមាន ធុរជន អ្នកប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធឱ្យបានទូលំទូលាយអំពីការអនុវត្ត និងអត្ថប្រយោជន៍នៃ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងជាពិសេស អនុក្រឹត្យចំនួន២ ដែលទើបអនុម័ត ទី១ អនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងទី២ អនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ។ ឯកឧត្តមបានបន្តទៀតថា សិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះក៏បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ទីភ្នាក់ងារ GIZ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែក លើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់នៅក្នុងផ្នែកផ្គត់ផ្គង់(Supply Side)ដើម្បីបង្កើននូវផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ជម្រុញនវានុវត្តន៍ ជាពិសេសសុខុមាលភាពអ្នកប្រើប្រាស់ (តម្លៃទាប គុណភាពខ្ពស់ ជម្រើសច្រើន) តាមរយៈការហាមឃាត់នូវសកម្មភាព ឬការព្រមព្រៀង រារាំង រឹតត្បិត ដល់ការប្រកួតប្រជែង។ ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងផ្នែកតម្រូវការ(Demand Side) ដើម្បីធានាអ្នកប្រើប្រាស់អាចប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ខ្លួនប្រកបដោយភាពឆ្លាតវៃ និងប្រសិទ្ធភាពលើជម្រើសនៃការប្រកួតប្រជែងដែលបានផ្តល់ឲ្យ តាមរយៈការហាមឃាត់នូវអំពើ និងការអនុវត្តមិនសុចរិតក្នុងធុរកិច្ច រួមមាន ការអះអាងដោយបំភាន់ ការផ្សាយពាណិជ្ជកម្មជានុយ គម្រោងលក់បែបពីរ៉ាមីដ ។ ការពារសុខភាពនិងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់ តាមរយៈការកំណត់ក្របខណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងស្របច្បាប់នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ។
ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមត្រូវ ត្រងត្រាប់ស្តាប់និងក្តាប់ឲ្យបាន អំពីច្បាប់ដែលវាគ្មិនបានធ្វើកាបង្ហាត់បង្ហាញក្នុងថ្ងៃនេះ ព្រមទាំងលើកនូវជាសំណួរសំណូមពរ ក្នុងកិច្ចពិភាក្សា ដើមី្បប្រមូលនូវធាតុចូលយកទៅអនុវត្តបន្ត ក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារក៏ដោយ ក៏កម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការពង្រឹង ការយកចិត្តទុកដាក់ ការធានាសិទ្ធិ ការការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈលិខិតបទប្បញ្ញត្តិគតិយុត្ត នឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសុច្ចរិតភាព ៕