
ឯកឧត្តម ទៀ សីហា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ អំពីសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង។ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ទោះបីប្រទេសជាតិយើងមានសុខសន្តិភាពពិតប្រាកដមែន តែសូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំនូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព។ ម៉្យាងទៀតទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែន បានប្រែក្លាយជាព្រំដែនអភិវឌ្ឍន៍ក៏ដោយបងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទីក្នុងការជួយអន្តរាគមន៍នូវពេលមានសភាពការណ៍ណាមួយកើតឡើង។ ឯកឧត្តមបានបញ្ជាក់ថា ការចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ត្រូវបានអាក់ខានក្នុងការចុះសួរសុខទក្ខកងទ័ពជាងបីឆ្នាំ ដោយបញ្ហាជម្ងឺកូវិដ១៩ តែចំពោះកិច្ចទំនាក់ទំនង និង សហប្រតិបត្តិការបានល្អនឹងគ្នា។
ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់បន្ថែមដល់កងកម្លាំងទាំងអស់ កុំជឿតាមពាក្យឃោសនាអកុសលរបស់ក្រុមអគតិមួយចំនួននៅក្រៅប្រទេស តាមប្រព័ន្ធសង្គម ដែលបង្កឱ្យកងកម្លាំង និង រាជរដ្ឋាភិបាលកម្ពុជា បែកបាក់កម្លាំងសាមគ្គី ព្រមទាំងបន្តគាំទ្របេក្ខភាពសម្តេច នតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រីទៀតផង។ ឯកឧត្តមក៏បានបួងសួងដល់បារមីដ៏សក្តិសិទ្ធដែលគង់ប្រថាប់នៅ លើទឹកដីប្រវត្តិសាស្រ្ត ខេត្តសៀមរាប តាមជួយបីបាច់ថែរក្សា ដល់កងកម្លាំងទាំងអស់ឱ្យជួបតែសេចក្តីសុខចម្រើន និង សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើនជូនដល់ប្រជាពលរដ្ឋឱ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត ។
អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៥០កេស ថវិកា ៥លានរៀល មី ៤០កេស គោ ១ក្បាល, អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២២មុខ និងថវិកា សរុប ១២លានរៀល ស្រាបៀរ ៥០កេស ,ប្រេងម៉ាស៊ូត ៥០០លីត្រ ពុយដាក់ប្រេង ០៥ពុយ និង តង់០១ ក្នុងនោះ បានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ៕
រូបភាពដោយ : វិបុល ស៉ីនួន
+10