
ឧត្តមសេនីយ៍ទោ សំរឹទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានថ្លែងស្វាគមន៍ ចំពោះខេត្តសម្ព័ន្ធមេត្រីភាពរបស់ខ្លួនថាជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីទិសទី៣ ជាសមរភូមិប្រយុទ្ធដោយអាវុធ ការពារបូរណភាពដែនដីនៃមាតុភូមិ រហូតមកដល់ទិសទី៣ បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែន ដោយមានរដ្ឋបាលខេត្តសៀមរាបជាជំហរ មិនត្រឹមតែបានរក្សាចំណងសម្ព័ន្ធមេត្រីភាពបានល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានបន្តរឹតចំណងមេត្រីភាពនេះ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈនៃការចុះសួរសុខទុក្ខនាំយកអំណោយពីសមរភូមិក្រោយ មកជួយឧបត្ថម្ភសមរភូមិមុខ យ៉ាងទៀងទាត់ មិនដែលអាក់ខានឡើយ ។
ឯកឧត្តម ទៀ សីហា ក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ បងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធីយុទ្ធសាស្រ្តរបស់កងទ័ព ហើយបងប្អូនទាំងអស់ ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍នូវពេលមានសភាពការណ៍ណាមួយកើតឡើង។ ឯកឧត្តម ក៏បានលើកពីវីរៈភាពអង់អាចក្លាហានលះបង់អ្វីៗ គ្រប់បែបយ៉ាង រួមទាំងជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាប សម្រាប់បុព្វហេតុបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល លេីទស្សនវិស័យ ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍។ ឯកឧត្តមបានបញ្ជាក់ថាសម្ព័នមេត្រីភាពរវាងរដ្ឋបាលខេត្តសៀមរាប និងកងពលតូចអន្តរាគមន៍លេខ៥ ត្រូវបានអាក់ខានក្នុងការចុះសួរសុខទក្ខកងទ័ពជាងបីឆ្នាំ ដោយបញ្ហាជំងឺកូវីដ-១៩ តែចំពោះកិច្ចទំនាក់ទំនង និង សហប្រតិបត្តិការបានល្អនឹងគ្នា ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំបន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាពកងទ័ព ក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង។ ឯកឧត្តមបានសំណូមពរដល់កងកម្លាំងទាំងអស់ ក្រៅពីភារកិច្ចការពារជាតិ កងទ័ពក៏មានភារកិច្ចមួយទៀត ក្នុងការចូលរួមការពារមូលដ្ឋាន ភូមិឃុំមានសុវត្ថិភាព ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃទៀតនាពេលខាងមុខនេះ នៅតាមបណ្តាទីវត្តអារាម ក៏ដូចជាទីប្រជុំជននានា ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីការពារសន្តិសុខ រក្សាសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពេលកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល៣ថ្ងៃ ហើយកត្តាសំខាន់ចំពោះមុខ លើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
ក្នុងឱកាសប្រជាជនកម្ពុជាទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈអភិបាលខេត្តសៀមរាប ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន ២៨មុខ និង ប្រេងម៉ាស៊ូត ១ពាន់លីត្រ,ស័ង្កសី ២ពាន់សន្លឹក ,តង់ ០១ផ្ទាំង ស្រាបៀរ ១០០កេស និង ថវិកា ២០លានរៀល និងចែកជូនកងទ័ពម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវស្រាបៀរ៥០កេស ថវិកា៦លានរៀលផងដែរ ៕
+27