
លោក ប៊ូ ម៉េងទ្រី អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង បានឱ្យថាក្នុងឱកាសដែលប្រជាពលរដ្ឋកំពុងទទួលសាទរបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៥ មេសា ឆ្នាំ២០២៣ មានគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀង ផ្គររន្ទះ បក់បោកមកប៉ះពាល់លើភូមិសាស្ត្រ ឃុំទាំង១០ របស់ស្រុកជីក្រែង បណ្តាលឲ្យ(រលំផ្ទះ១ខ្នង និង របើកដំបូល/ជញ្ជាំង១៤០ខ្នង) តែមិនបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ថា នៅដើមឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋបានរងគ្រោះដោយគ្រោះធម្មជាតិទូទាំងខេត្តសៀមរាប មានចំនួនសរុប ៥១៣គ្រួសារ ហើយក៏ត្រូវបានសាខានាំយកអំណោយផ្តល់ជូនជាបន្តបន្ទាប់ផងដែរ។
លោកជំទាវ ទាង អេង ទៀសីហា ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។ លោកជំទាវក៏បានសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតលំនៅដ្ឋានរបស់បងប្អូន ដោយគ្រោះធម្មជាតិ ។ ម៉្យាងទៀតកាកបាទក្រហមកម្ពុជា ក៏មិនទុកឲ្យបងប្អូនរងគ្រោះណាម្នាក់ ហើយមិនបានយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននោះទេ គឺ កាកបាទក្រហមនៅក្រប់ទីកន្លែង ជាមួយបងប្អូនគ្រប់វិនាទី មិនទុកឲ្យរងទុក្ខវេទនានោះឡើយ ។
លោកជំទាវបានបញ្ជាក់ទៀតថា អំណោយទាំងនេះគឺបានជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនបានមួយរយៈ ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបន្តការដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមប្រជាពលរដ្ឋទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់នេះ និងត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ក្នុង នោះដែរលោកជំទាវ ក៏បានក្រើនរំលឹងបងប្អូន អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាផងដែរ ។
អំណោយដែលបានចែកជូន គឺសម្រាប់គ្រួសារដែលរលំផ្ទះ១គ្រួសារ បានទទួលអំណោយជាអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក និងថវិកាចំនួន១៥ម៉ឺនរៀល ។ ចំពោះគ្រួសាររងគ្រោះដោយសារខ្យល់របើកដំបូល/ជញ្ជាំង១៤០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក និងថវិកាចំនួន១០ម៉ឺនរៀល ៕
+38