
មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ស្រ្តីជាក្រុមប្រឹក្សាក្រុង ស្រុក លោកស្រី យូ សុភា អភិបាលរងខេត្ត បានស្វាគមន៍ និងសូមថ្លែងអំណរគុណ ដល់អង្គការ GIZ កម្មវិធី «អាយ អែស ឌី» ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ដើម្បីចូលរួមបំពេញបន្ថែមនូវចំណុចខ្វះចន្លោះមួយចំនួន ក៏ដូចបានចូលរួមចំណែកនៅក្នុងដំណើរការ នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជា ពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះតែម្តង។ លោកស្រីអភិបាលរងខេត្ត ក៏បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ GIZ ដែលមានថ្នាក់ដឹកនាំកម្មវិធី «អាយ អែស ឌី» និងសហការីទាំងអស់ ដែលបានបន្តជ្រើសយកខេត្តសៀមរាប ជាខេត្តគោលដៅសម្រាប់អនុវត្តកម្មវិធីនេះ ហើយរដ្ឋបាលខេត្តនឹងពង្រឹងកិច្ចសហប្រតិបត្តិ ឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការអនុវត្តកម្មវិធី ឱ្យសម្រេចទៅតាមផែនការដែលបានគ្រោងទុក។ លោកស្រី មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់ នឹងយកចិត្តទុកដាក់ត្រង់ត្រាប់ និងចូលរួមឱ្យបានផុលផុស ដើម្បីកំណត់បានទាំងចំណុចល្អៗ និងចំណុចខ្វះខាត ដើម្បីកែរតម្រូវសំដៅពង្រឹងសមត្ថភាពនិងទស្សនៈវិជ្ជមានរបស់ខ្លួន ពង្រឹងប្រសិទ្ធភាពការងារ ក៏ដូចជាបង្កើនប្រសិទ្ធភាពការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។
លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព រាជរដ្ឋាភិបាលនៅតែបន្តធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងនោះរួមមានផ្នែករដ្ឋបាលសាធារណៈ ដែលផ្តោតលើការពង្រឹងសមត្ថភាព ក្រសួងស្ថាប័ននានា ដែលកំណែទម្រង់នេះមិនត្រឹមតែជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងបរិបទនៃការអភិឌ្ឍនៅក្នុងពិភពលោកផងដែរ។ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនឹងអាចដំណើរការ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព លុះត្រាតែមានការយកចិត្តទុកដាក់រៀបចំ និងអនុវត្តសកម្មភាពអាទិភាពតាមសមាសភាពនីមួយៗ ប្រកបដោយភាពស៊ីសង្វាក់គ្នាជាមួយកម្មវិធីកំណែទម្រង់ទាំងអស់ និងកំណែទម្រង់តាមវិស័យពាក់ព័ន្ធនានា ព្រមទាំងកំណត់អំពីកិច្ចការអន្តរវិស័យនានានិងជាពិសេស គឺការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌ និងការពង្រឹងភាពអង់អាចដល់ស្រ្តី ដែលជាគោលបំណងដ៏សំខាន់មួយនៃកម្មវិធីជាតិ ដំណាក់កាលទី២ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហានេះរួមគ្នាទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (២០១៦-២០៣០) ការធានាសមភាពយេន័រ និងភាពអង់អាចដល់គ្រប់ស្រ្តី និងក្មេងស្រី គឺជាការអប់រំប្រកបដោយគុណភាព។ នៅក្នុងយុទ្ធសាស្រ្តនារីរតនៈទី៥(២០១៩-២០២៣)របស់ក្រសួងកិច្ចការនារី ក៏បានផ្តោតជាសំខាន់លើ ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យសាធារណៈ និងនយោបាយ ផងដែរ។
+10
30Ah Nata Ly, Thla Veary និង 28 នាក់ផ្សេងទៀត