
លោកស្រី អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមបណ្តុះបណ្តាលកុមារ ក៏ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរនគិរី ដែលបានរៀបចំសិក្ខាសាលានេះឡើង។ សិក្ខាសាលានេះផងដែរ បាននាំមកនូវការជួបជុំគ្នារ វាងអ្នកវិនិយោគក្នុងវិស័យ TVET ពោលគឺអង្គការដៃគូ ដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស និងគ្រឹះស្ថានអប់រំរបស់រដ្ឋក៏ដូជាអ្នកផ្តល់សេវាបណ្តុះបណ្តាល ដូចជាសហគ្រាស ក្រុមហ៊ុន និងយុវជនដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនាពេលកន្លងមកនេះដើម្បីចែករំលែកពីសមិទ្ធផលគម្រោង កម្រងបទពិសោធន៍ល្អៗ បញ្ហាប្រឈម និងដំណោះស្រាយជាដើម។
លោកស្រី អភិបាលរងខេត្តបានបន្តថាសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ជំនាញ សមត្ថភាព ផលិតភាព និងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុងគ្រប់យុទ្ធសាស្ត្រ ក៏ដូចជាគោលនយោបាយនានា ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ បន្តបង្កើតកាលានុភាពការងារ និងបង្កើនប្រាក់ចំណូលប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវហារនិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតមានឡើងជាយថាហេតុ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សហគ្រាស សហគមន៍ និងការបណ្តុះបណ្តាលចល័តជាដើម៕