រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium (អង្គរ វ៉ាយដ៍ឡាយហ្វ៍ អែន អឹឃ្វារៀម) ស្ថិតនៅឃុំខ្ចាស់ ស្រុកសូទ្រនិគមត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ

  • 185
  • ដោយ vannak

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅឧទ្យានកម្សាន្ត Angkor Wildlife & Aquarium (អង្គរ វ៉ាយដ៍ឡាយហ្វ៍ អែន អឹឃ្វារៀម) ស្ថិតនៅឃុំខ្ចាស់ ស្រុកសូទ្រនិគមត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពលោក សុខ ថុល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោក អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់។បន្ទាប់ពីស្តាប់របាយការណ៍របស់ លោក ម៉េង ហៀង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ អែន អឹឃ្វារៀម ឯ.ក រួចមក លោក សុខ ថុល បានកោតសសើរ ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលមានគោលដៅមុតស្រួច ចំពោះការរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាប និងលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្ត ជាក់ស្តែងការបង្កើតឱ្យមានរមណីយដ្ឋានកែឆ្នៃលំដាប់អន្តរជាតិនិងការបន្តការសាងសង់ឥតឈប់ឈរ បើទោះជាពិភពលោកតំពុងរងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្តី។ ដំណើរការប្រព្រឹត្តិទៅនៃសួនកម្សាន្តអង្គរ វ៉ាយដ៍ឡាយហ្វ៍ អែន អឹឃ្វារៀម គឺបានរួមចំណែកយ៉ាងសកម្ម ក្នុងយន្តការស្តា និងអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការងបង្កើតឱ្យមានទស្សនីយភាពដ៏អស្ចារ្យ និងសម្បូរបែប ជាពិសេស ការតាំងបង្ហាញនូវត្រីទឹកសាប ត្រីទឹកប្រៃ និងប្រភេទសត្វកម្រជាច្រើនទៀត ហើយនៅពេលនេះ យើងកំពុងធ្វើពិធីសម្ភោធដាក់ឱ្យដំណើរការទីតាំងថ្មីមួយទៀត ដោយមានតាំងបង្ហាញសត្វល្មូនជាច្រើនប្រភេទ ដែលមានឈ្មោះថា “ផ្ទះឧរង្គសត្វ” ឬ “ផ្ទះសត្វល្មូន”។ លើសពីនេះ ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium (អង្គរ វ៉ាយដ៍ឡាយហ្វ៍ អែន អឹឃ្វារៀម) ក៏បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសការងារដ៏សម្បូរបែប សម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះតែម្តង។លោក អភិបាលរងខេត្តក៏បានវាយតម្លៃខ្ពស់ ចំពោះផែនការសកម្មភាពរបស់ក្រុមហ៊ុន ដែលបានបង្កើតឱ្យមានសួនទេសចរណ៍លំដាប់អន្តរជាតិ ហើយបាន និងកំពុងពង្រីកវិសាលភាព ក្នុងការផ្តល់សេវាសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងទឹកដីខេត្តសៀមរាបយើងខ្ញុំនេះ។ ទាំងនេះ គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតថ្លៃថ្លា របស់ក្រុមប្រឹក្សាភិបាល និងដៃគូភាគហ៊ុន គណៈគ្រប់គ្រង និងបុគ្គលិកបម្រើការងារគ្រប់ផ្នែកទាំងអស់ ដែលបានលះបង់ធនធានទាំងថវិកា បញ្ញាស្មារតី និងកម្លាំងកាយចិត្ត ដោយខិតខំធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានកែច្នៃមួយនេះ ដំណើរការប្រកបទៅដោយភាពសម្បូរបែប និងសេវាកម្មល្អឥតខ្ចោះ៕

អត្ថបទទាក់ទង