
កិច្ចជំនួបធ្វើឡើង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី របស់សហព័ន្ធសន្តិភាពសកល-កម្ពុជា ក្នុងការចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព តាមរយៈការចូលរួមកម្មវិធីអភិវឌ្ឍន៍នានា។ នៅក្នុងកិច្ចជំនួបនេះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានធ្វើការស្វាគមន៍ចំពោះវត្តមានប្រតិភូទាំងអស់ ព្រមទាំងបានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើន ដែលសហព័ន្ធសន្តិភាពសម្រេចបានកន្លងមកនៅក្នុងអាណតិ្តមុនរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការអនុវត្តកម្មវិធីអប់រំបុគ្គលិកលក្ខណៈនិងគុណតម្លៃគ្រួសារ នៅក្នុងស្រុកគោលដៅចំនួន៣ (ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកជីក្រែង) និងកម្មវិធីនានាជាច្រើនទៀត នៅក្នុងខេត្តសៀមរាប។ លោកស្រីបានបន្តទៀតថា សកម្មភាពរបស់សហព័ន្ធសន្តិភាព ពិតជាបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក៏ដូចជាបាននឹងកំពុងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តថ្មី ដែលបានផ្តោតសំខាន់ទៅការអភិវឌ្ឍនធនធានមនុស្ស និងការរក្សាឱ្យបាននូវសន្តិភាព។ បន្ថែមពីនោះ លោកស្រី ក៏បានស្នើឱ្យលោកនាយកសហព័ន្ធសន្តិភាព Indochina ធ្វើការពង្រឹងទំនាក់ទំនងតាមរយៈការចងជាមេត្រីភាព ឬ ភាពជាបងប្អូនជាមួយនឹងរដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការវិនិយោគនូវគ្រប់វិស័យ ពិសេសការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ឆ្លើយតបទៅនឹងប្រសាសន៍របស់លោកស្រី អភិបាលរងខេត្ត លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន (UFP-Indochina) បានលើកឡើងថា ទាំងនេះគឺជាចក្ខុវិស័យ ដែលសហព័ន្ធសន្តិភាព បាននឹងកំពុងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ និងកិច្ចអភិវឌ្ឍធនធានមនុស្ស។ លោកបានលើកឡើងបន្ថែមទៀតថា សហព័ន្ធសន្តិភាពសកល បានអនុវត្តគម្រោងជាច្រើនរួមមាន គម្រោង ឯកអគ្គរដ្ឋទូតដើម្បីសន្តិភាព ពាន់រង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ សមាគមសមាជិករដ្ឋសភាអន្តរជាតិដើម្បីសន្តិភាព (IAPP) សមាគមអន្តរសាសនាដើម្បីសន្តិភាព( IAPD)កម្មវិធីអប់រំបុគ្គលិកលក្ខណៈ និងគុណតម្លៃគ្រួសារ គម្រោងផ្លូវសន្តិភាពអន្តរជាតិ ពាន់រង្វាន់សន្តិភាពសាន់ហាក់ (SunHak)។ តាមរយៈនៃការអនុវត្តកម្មវិធីនានានៅក្នុងខេត្តសៀមរាប សហព័ន្ធសន្តិភាព ពិតជាមានសេចក្តីរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរនៅថ្នាក់ក្រោមជាតិ ក្នុងការជួយប្រជាពលរដ្ឋឱ្យមានសុខភាពល្អ គ្រួសារគ្មានអំពើហិង្សា ជាគ្រួសារគំរូ និងបានឃើញអំពីការចូលរួមរបស់យុវជនកម្ពុជាក្នុងកិច្ចការសង្គមជាច្រើន ហើយសហព័ន្ធបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចសហប្រតិបតិ្តការជាមួយរាជរដ្ឋាភិបាលសម្រាប់អាណតិ្តថ្មីនេះ ដោយនឹងធ្វើការពង្រីកគោលដៅទៅស្រុកផ្សេងៗទៀត នៅក្នុងខេត្តសៀមរាប។ លើសពីនោះទៅទៀត សហព័ន្ធសន្តិភាពនឹងធ្វើលិខិតស្នើសុំចងមេត្រីភាពជាមួយរដ្ឋបាលខេត្តសៀមរាប និងធ្វើការគៀរគរជាមួយបណ្តាអង្គការដៃគូនានា ដើម្បីសហការអនុវត្តកម្មវិធីដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រីកកិច្ចសហការជើងហោះហើរត្រង់ ដើម្បីនាំភៀវទេសចរណ៍ពីប្រទេសកូរ៉េ និងបណ្តាប្រទេសនានា មកកាន់ខេត្តសៀមរាបផ្ទាល់តែងម្តង។
សូមជម្រាបផងដែលថា អង្គការសហព័ន្ធសន្តិភាពសកល បានបង្កើតដោយលោកបណ្ឌិត សាន់ម៉្ញុងមូន និងលោកស្រី បណ្ឌិត ហាក់ចា ហាន់ មូន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៥ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងមានវត្តមាននៅក្នុងប្រទេសចំនួន ១២០ប្រទេស។ អង្គការមានគោលដៅ ដើម្បីបង្រួបបង្រួមពិភពលោក ដែលគ្រួសារមនុស្សជាតិរស់នៅប្រកបដោយសុខដុមរមនា និងគោរពគ្នាទៅវិញទៅមក ដោយមានការប្តេជ្ញាចិត្តរួមគ្នានៃកិច្ចសហប្រតិបត្តិការតាមរយៈសេចក្តីល្អ និងមានតួនាទីផ្តល់យោបល់ទូទៅជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហកប្រជាជាតិ និងបានចូលរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍធនធានមនុស្សនៅលើពិភពលោក ៕