
ក្នុងកិច្ចស្វាគមន៍នោះលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ថ្វីត្បិតតែខេត្តសៀមរាប បានទទួលរងនូវផលប៉ះពាល់លើវិស័យទេសចរណ៍ដែលបណ្ដាលមកពី ជំងឺកូវីដ-១៩ និងបញ្ហាអស្ថិរភាពនៃប្រទេសមួយចំនួននាពេលកន្លងមកនេះ។ ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលសម្តេចតជោ ហ៊ុន សែន សម្តេចបវធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ទៀ សីហា ឧបរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល ខេត្តក៍ដូចជាថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា បានខិតខំធ្វើឲ្យមានភាពប្រសើរឡើងវិញនូវសកម្មភាពទេសចរណ៍ និងសកម្មភាពអាជីវកម្មរបស់ខេត្តសៀមរាប តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អរូបវ័ន្ត ការជម្រុញចលនាភូមិ១ផលិតផល១ ការទំនាក់ទំនងជាមួយដៃគូរអភិវឌ្ឍន៍និងការគាំទ្រធុរកិច្ចក្នុងខេត្ត។ លោកក៏បានគូស បញ្ជាក់ថា ស្ថានភាពនៃការចុះបញ្ជី ពាណិជ្ជកម្មនៅក្នុងខេត្តមានការកើនឡើងពីចំនួន ប្រមាណជា៤៣២ ក្នុងឆ្នាំ២០២១ និង ៧៣២ ក្នុងឆ្នាំ២០២២ និងអាចដល់ប្រមាណជា១ពាន់ នាដំណាច់ឆ្នាំ២០២៣នេះ។ ស្ថានភាពតម្លៃកសិផលមាន ស្រូវនិងដំឡូងមី មានតំលៃល្អ ហើយកសិផលទាំងនេះនឹងបន្តមានស្ថេរភាពល្អក្នុងរង្វង់ប៉ុន្មានឆ្នាំទៅមុខទៀត ។ ក្នុងនោះចំនួនផ្សាររដ្ឋ ផ្សារឯកជន ផ្សារទំនើប និងមីនីមាតមានចំនួន៨២ ចំពោះផលិតផល ដែលបានធ្វើការតាំងពិព័រណ៍នាពេលនេះ រួមមាន បន្លែ ផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបូរាណ វត្ថុអនុស្សាវរីយ៍ ផលិតផលពីការកែច្នៃ ផ្នែកវារីវប្បកម្ម គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈនិងផលិតផលផ្សេងៗជាច្រើនទៀត ដែលភាគច្រើនជាផលិតផលមកពីខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តតាកែវ ហើយ មានស្តង់ពិព័រណ៌ ចំនួន ៧០ស្តង់ ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបញ្ជាក់ថា ពិព័រណ៍នេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផល បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និង ផលិតផលភូមិ១ ផលិតផល១ មកពីខេត្តចំនួន០៦ ដោយមានក្រុមហ៊ុន សហគ្រាស និង អាជីករក្នុងស្រុកចូលរួមផងដែរ។ លោកបានមានប្រសាសន៍ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឲ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។ ក្នុងនោះលោកក៏បានគូសបញ្ជាក់ថា បន្លែ ផ្លែឈើផលិតផលក្នុងស្រុក ក្នុងការផ្គត់ផ្គង់នៅមិនទាន់បំពេញបាននូវតម្រូវការរបស់ ប្រជាពលរដ្ឋនៅឡើយ ដោយបាននាំចូលបន្ថែមមកពីបណ្តាប្រទេសជិតខាងទៀតផង។ លោក នាក់ ណេរ៉ុន ក៏បានលើកឡើងថា ដោយកត្តាទាំងនេះ បានកង្កើនឲ្យមានតម្រូវការទៅលើផលិតផលបន្លែ ផ្លែឈើក្នុងស្រុក ក៏ដូចផលិតផលផ្សេងៗទៀត។ លោកមានសង្ឃឹមផងដែរថា ការដាក់តាំងបង្ហាញដែលមានការចូលរួមពីវិស័យរដ្ឋ ឯកជន សមាគម អង្គការ សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នកផលិតនៅពេលនេះ និង ផ្តល់លទ្ធភាពកាន់តែប្រសើរ ការជម្រុញឲ្យអ្នកផលិតផលក្នុងស្រុក សំដៅធ្វើការនាំចេញជាបណ្តើរៗ ព្រមទាំងចង់បានបន្លែ ផ្លែឈើមានសុវត្ថិភាព នឹង មានសមត្ថភាពក្នុងការកែច្នៃឲ្យមានភាពល្អជាមុន ដែលជាសញ្ញាណដ៏ល្អ ក្នុង ការផលិត និង ពង្រីការដាំដុះ ការកែច្នៃ និង ទីផ្សារ ដែលមានមន្ទីរពាណិជ្ជកម្មនិងដៃគូពាក់ព័ន្ធទាំងអស់ ដើមី្បធ្វើឲ្យផលិតផល ក្នុងស្រុក កើនឡើង ទាំងបរិមាណ គុណភាព សោភណ្ឌភាព ក្នុងសមត្ថភាពប្រកួតប្រជែងនៅតាមទីផ្សារ ។
លោក ក៏បានជម្រុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាមគោលការណ៍ «ភក្តីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន ៕
+22
33Rem Sophal, Naret Sok និង 31 នាក់ផ្សេងទៀត