
លោក ស៊ុង គង់ ប្រធានមន្ទីរបរិស្ថានខេត្ត ការធ្វើអនាម័យ បរិស្ថាន ទាំងនៅលើគោក ក្នុងទឹកស្ទឹង ដើមី្បធ្វើឱ្យបរិស្ថាន អនាម័យ មានសភាពស្រស់ស្អាត ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Gaea.plc ,ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green , គ្រឹះស្ថានអង្គរ ព្រមទាំងធ្វើការអប់រំ ផ្សព្វផ្សាយទៀតផង ដោយប្រើប្រាស់កម្លាំងសរុប ២៤៩នាក់ ទាំងមន្ត្រីមន្ទីរបរិស្ថាន និង ក្រុមហ៊ុនបានចូលរួម។
ឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការកោតសរសើរនិងថ្លែងអំណរគុណចំពោះបងប្អូនក្រុមការងារសម្អាតអនាម័យទាំងអស់ដែលបានចូលរួមយាងសស្រាក់សស្រាំក្នុងការសម្អាតអនាម័យ ដល់បងប្អូនដែលបានចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣នេះ ដោយមិនគិតពីភាពនឿហត់នោះឡើយ ដោយបានលះបង់ពេលវេលាធ្វើការសម្អាតមិនឱ្យប៉ះពាល់ដល់អារម្មណបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត ក្នុងរយៈពេល៤ថ្ងៃនៃកម្មវិធីនេះ។
ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តទៀតថា ដើមី្បធ្វើឱ្យខេត្ត ក្រុងសៀមរាបយើង កាន់តែមានសោភណ្ឌភាពថែមទៀតនោះ យើងគ្រប់គ្នាត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្តី "ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា" កត្តានេះហើយយើងគ្រប់រូបត្រូវមានស្មារតីយកចិត្តទុកដាក់នៅគ្រប់វិនាទី ក្នុងការរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់មន្ត្រីជំនាញនៅគ្រប់មូលដ្ឋានទីកន្លែងទាំងអស់ និង រួមគ្នាលុបបំបាត់ការប្រើប្រាស់ ប្លាស្ទីច ដែលនាំធ្វើឲ្យយើងប៉ះពាល់ដល់សុខភាព និង បំពុលបរិស្ថាននៃភពផែនដីទៀតផង។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនអ្នកអនាម័យ បរិស្ថានទាំងអស់នៅពេលធ្វើការបោសសម្អាតសូមប្រើប្រាស់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ដើមី្បការពារ និង រក្សាបាននូវសុភាពរបស់ខ្លួន និងសូមឱ្យបន្តចូលរួម ក្នុងការធ្វើអនាម័យ បរិស្ថាន នៅក្នុងកម្មវិធីនៅពេលក្រោយៗទៀតផង ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវវត្ថុកំដរដៃ ជូនដល់បងប្អូនអ្នកសម្អាតអនាម័យទាំង១៧៦នាក់ដោយម្នាក់ៗទទួលបាន ទឹកសុទ្ធ ១កេស ភេសជ្ជៈ ១កេស និង ថវិកា ១០ម៉ឺនរៀលផងដែរ ៕