
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យអង្គរ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ និងពិធីចែករង្វាន់សិស្សឆ្នើមនាដំណាច់ឆ្នាំសិក្សា ២០២២-២០២៣ ក្រិមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងែរ។ បន្ទាប់ពីស្តាប់របាយការណ៍របស់លោក នាយកសាលារួចមក លោកស្រី អភិបាលរងខេត្តបានថ្លែងថា ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដែលជាថ្ងៃនៃផ្ដើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបគ្រប់អាយុសិក្សា និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានាដែលតែងតែបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប។ លោកស្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំដូចមានក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះសម្រាប់ដំណោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សាតាមការពង្រឹងកិច្ចការសំខាន់ៗ។ ជាមួយគ្នានេះ លោកស្រី អភិបាលរងខេត្តក៏បានចែកនូវវិញ្ញាបនបត្រ និងបណ្ណសរសេីរដល់សិស្សានុសិស្សផងដែរ៕