
គួរបញ្ជាក់ជូនផងដែរថា កិច្ចការនេះជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងលើកទឹកចិត្តដល់គ្រប់អង្គភាពផ្ដល់សេវាឱ្យចូលរួមប្រកួតប្រជែងការផ្ដល់សេវាសាធារណៈគំរូ ក្នុងគោលបំណងដើម្បីបង្កើនគុណភាព និងស័ក្ដិសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈ ដោយចាប់ផ្ដើមពីវិស័យអាទិភាពខ្ពស់មុន មានវិស័យអប់រំ(កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា) និងវិស័យសុខាភិបាល(កម្រិតមណ្ឌលសុខភាព)។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៣ ខេត្តសៀមរាបបានទទួលលទ្ធផលជ្រើសសម្រាំងដំណាក់កាលបឋម ដោយគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) លើបេក្ខភាពអង្គភាពផ្ដល់សេវាចំនួន០៤(សាលាបឋមសិក្សាវត្តបូព៌ សាលាបឋមសិក្សាក្រវ៉ាន់ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា និងមណ្ឌលសុខភាពគោកចក) ដែលត្រូវទទួលការចុះពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ។