
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានសហការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព ជាការរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និង ការវិនិយោគ ព្រមទាំងសម្រាប់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សាធារណៈ ជនទូទៅ ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ទទួលបានភាពកក់ក្តៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត ព្រមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ។ លោកក៏បានប្តេជ្ញាបន្តពង្រឹងលើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំសោភណ្ឌភាព ការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ និង គម្រោងរៀបចំបង្កើតរចនាសម្ព័ន្ធរដ្ឋបាលក្រុងថ្មី ដើមី្បបម្រើសេដ្ឋកិច្ចសង្គម ស្ថានភាពជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែ ល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានធ្វើការវាយខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលរួមសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និង សម្តែងការអបអរសាទរចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ ។
ឯកឧត្តម រដ្ឋលេខាធិការបានបន្តទៀតថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ ។ ឯកឧត្តមបានបន្តទៀតថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង ,បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឲ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។ ឯកឧត្តម ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ ព្រោះថាគ្រឿងញៀននេះធ្វើឱ្យអសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ៕