
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្តល់ការណែនាំ តម្រង់ទិសដល់មន្ត្រីជំនាញនៃរដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ ១៨២ ១៨៣ និង១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៣ អនក្រ.បក ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ការផ្ទេរមុខងារក្នុងវិស័យ អប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ប្រកបដោយ អត្ថន័យដ៏ជ្រាលជ្រៅ ដែលបង្ហាញឱ្យឃើញពីវឌ្ឍនភាពថ្មីបន្ថែមទៀតនៃការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យ អប់រំ ព្រមទាំងបានបង្ហាញឱ្យឃើញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិនិងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការផ្ត ល់ អាទិភាព និងការគាំទ្រដល់ការជំរុញ និងលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះ ការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំជូនប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។
ដើម្បីឳ្យការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ទទួលបាននូវលទ្ធផលល្អប្រសើរ ចាំបាច់ណាស់ក្នុងការណែនាំតម្រង់ទិស អន្តរាគមន៍ ដល់ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ លើការងារបច្ចេកទេស ការតាមដាន ត្រួតពិនិត្យ ការវាយតម្លៃ ឱ្យបានដិតដល់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះដែរ វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីអនុវត្តមុខងារ អប់រំ យុវជន និង កីឡា ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលបានរៀបចំនៅពេលនេះ នឹងអាចកំណត់បាននូវជោគ ជ័យថ្មីៗ វឌ្ឍនភាពការងារសំខាន់ៗ ការប្រមូលនូវធាតុចូលគន្លឹះពីអ្នកពាក់ព័ន្ធដើម្បីកែលម្អ ឳ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្នដែលជាកត្តាគាំទ្រ ក្នុងការផ្តល់សេវាអប់រំ ប្រកបដោយប្រសិទ្ធភាព៕