
លោកជំទាវ ស៊ិន ណម បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ព្រមទាំងបានបញ្ជាក់ថា អង្គសិក្ខាសាលាឆ្លុះបញ្ចាំងនេះ រៀបចំឡើងក្នុងគោលបំណង ធ្វើការឆ្លុះបញ្ចាំង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផែនការសកម្មភាព និងផែនការថវិកាឆ្នាំ ២០២៣ របស់ (គ.កស.ក) នៃរដ្ឋបាលខេត្ត និង ជាការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនានា ពិសេស(គ.ក.ស.ក) នៃរដ្ឋបាលក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ និង ដើមី្បពិភាក្សាអំពីបទពិសោធន៍ការងារ ព្រម ទាំងបញ្ហាប្រឈមនានា ដែលបានជួបប្រទះ ក្នុងពេលអនុវត្តការងារ សម្រាប់ជាបទពិសោធន៍ ក្នុងការគ្រប់គ្រង និង អនុវត្ត ផែនការសកម្មភាព និង ថវិកាឆ្នាំ២០២៤បន្ត ។
លោកស្រី យូ សុភា បានចាត់ទុក (គ.ក.ស.ក) គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់ មាន តួនាទីភារកិច្ច ចូលរួមសម្របសម្រួល ពិគ្រោះយោបល់ តាមដាន ពិនិត្យជម្រុញ និងសហការដោះស្រាយ នូវការងារទាំង ឡាយ ដែលពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ ការអភិវឌ្ឍន៍ស្ថានភាព ស្ត្រី និងកុមារក្នុងខេត្តសៀមរាប។ លោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្ត តែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រី និងកុមារ ដោយបានធ្វើការវិភាជន៍ថវិការដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២៣ ជូន គ.ក.ស.ក ខេត្ត ដើម្បីយកទៅអនុវត្តសកម្មភាពនានាស្របតាមផែនការ ការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ហើយសម្រាប់ក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត នឹងបន្តធ្វើការគាំទ្រ ដោយបានវិភាជន៍ថវិកា ជូន(គ.ក.ស.ក)ខេត្ត សម្រាប់អនុវត្តការងាររយៈពេល១ឆ្នាំផងដែរ។ លោកស្រីបានគូសបញ្ជាក់ថា អង្គសិក្ខាសាលាថ្ងៃនេះ នឹងឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ "គ.ក.ស.ក” នៃរដ្ឋបាលខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ធានាជោគជ័យនៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក រហូតទទួលបានជោគជ័យ និងបច្ចុប្បន្នបាន កំពុងអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចូលរួមអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ម្យ៉ាងទៀតសិក្ខាសាលាឆ្លុះបញ្ចាំងនេះ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ មានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយ ក្នុងការលើកកម្ពស់ ព្រមទាំងជម្រុញការបង្ក្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីដើម្បីឲ្យស្របតាមផែនការយុទ្ធសាស្ត្រនារីរតនៈរបស់ក្រសួងកិច្ចការនារី៕