
បន្ទាប់ពីលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានធ្វេីបទបង្ហាញចែករំលែកបទពិសោធន៍ការអនុវត្តការងារទីក្រុងឆ្លាតរវាងខេត្តព្រះសីហនុរួចមក លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងក្នុងសិក្ខាសាលានេះថា ខេត្តសៀមរាប ពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលរដ្ឋបាលខេត្តព្រះសីហនុ និងអង្គការ UN-Habitat បានជ្រើសរើសខេត្តសៀមរាបជាទីតាំងសម្រាប់ការ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី "ទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍទីក្រុងឆ្លាតទីក្រុងសៀមរាប និងគំនិតផ្តួចផ្តេីមក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្លាតខេត្តព្រះសីហនុ" និងទស្សនកិច្ចសិក្សាគម្រោងសាកល្បងទីក្រុងឆ្លាតវៃ ហើយក្នុងនាមឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ខ្ញុំបាទពិតជាមានសេចក្តីសោមនស្ស រីករាយជាខ្លាំងដែលបានចូលរួមក្នុងសិក្ខាសាលាមួយនេះ។ សិក្ខាសាលាមួយនេះ ពិតជាមានសារៈសំខាន់ សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ និងជាពិសេសសម្រាប់រដ្ឋបាលខេត្តសៀមរាបផ្ទាល់ក្នុងការសិក្សាស្វែងយល់ និងចែករំលែកបទពិសោធនៃការអនុវត្តការងារទីក្រុងឆ្លាតវៃរបស់រដ្ឋបាលខេត្តសៀមរាបកន្លងមក។
លោកក៏បានបន្តថា សិក្ខាសាលាដែលនឹងប្រព្រឹត្តទៅក្នុង រយៈពេល ២ថ្ងៃនេះ នឹងសម្រេចបាននូវគោលបំណង់ក្នុងការពង្រឹងសមត្ថភាពសមាជិកក្រុមការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ តាមរយៈការចែករំលែកចំណេះដឹង កត្តាប្រឈម និងបទពិសោធក្នុងការអនុវត្តជាក់ស្តែង ជាពិសេសបទពិសោធឧត្តមានុវត្តរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ជាធាតុចូលជូនដល់សមាជិកក្រុម ការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ លោកក៏សង្ឃឹមថាតាមរយៈសិក្ខាសាលាមួយនេះ រដ្ឋបាលខេត្តសៀមរាប ជាពិសេសក្រុមការងារទីក្រុងឆ្លាត់វៃនៃខេត្តសៀមរាបនឹងទទួលបាននូវការផ្លាស់ប្តូរចំណេះដឹងថ្មីៗ ព្រមទាំងបទពិសោធដែលខេត្តព្រះសីហនុបានអនុវត្តកន្លងមក និងគ្រោងអនុវត្តនាពេលខាងមុខ ពិសេស គឺការសិក្សាស្វែងយល់អំពីគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងសម្រាប់ឆ្នាំ ២០២២-២០៣៨។ ជាងនេះទៀតសោត បន្ទាប់ពីសិក្ខាសាលានេះ លោកក៏សង្ឃឹមថា លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ និងខេត្តសៀមរាបនឹងបន្តនូវកិច្ចសហការជាមួយគ្នាលើការងារទីក្រុងឆ្លាតវៃឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍទីក្រុងឆ្លាតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរួមគ្នាចូលរួមចំណែកក្នុងការអនុវត្តចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យទៅជាទីក្រុងឆ្លាតវៃ៕
+42
78Rem Sophal, KimAn Mie និង 76 នាក់ផ្សេងទៀត