
លោកជំទាវ ចម និមល កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០ តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ រៀបចំសនិ្នសីទស្វាយចន្ទីពិភពលោក លើកទី ១០ នេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទីទាំងក្នុង និងក្រៅប្រទេស និងការបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធក្នុងវិស័យស្វាយចន្ទី ព្រមទាំងឱកាសសម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលបានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទីរួមមាន៖ (១).ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២).ការបន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) (៣).ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤).ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជាចំនួន ៧ រួមមាន៖ (១).ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និង សម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ ក្នុងគោលដៅជំរុញការកែច្នៃ និង ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ «គណៈកម្មការអន្តរក្រសួង ក្នុងការតាមដាន និង វាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» (២). ក្រសួង-ស្ថាប័ន និង វិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និង ចូលរួមអនុវត្តឱ្យបានពេញលេញ នូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក (៣).ក្រសួងពាណិជ្ជកម្ម និង ភាគីពាក់ព័ន្ធ ត្រូវបន្តរៀបចំ និង ចូលរួមព្រឹត្តិការណ៍ធុរកិច្ច និង ជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះ ឱ្យបានញឹកញាប់ (៤).វិនិយោគិនទាំងក្នុង និងក្រៅប្រទេសគួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ (៥).ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និង ពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា (៦). វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និង សហការ ឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះ និង កិត្យានុភាពស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ និង (៧). ស្នើសុំភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទី នាឱកាសនេះ ជួយផ្សព្វផ្សាយបន្តអំពីសក្តានុពល របស់ស្វាយចន្ទីកម្ពុជា។