
លោក គឹម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប យើងបានអនុវត្តកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការការពារសន្តិសុខ សុវត្ថិភាពសម្រាប់កិច្ចប្រជុំសំខាន់ៗ ទទួលលទ្ធផល បានល្អប្រសើរ ។ លោកបានបន្ថែមទៀតថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រដ្ឋបាលស្រុក ប្តេជ្ញាបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងប៉ុស្តិ៍ ប្រជាការពារតាមភូមិ សង្កាត់ គ្រប់គ្រងមុខសញ្ញាក្មេងទំនើង មុខសញ្ញាប្រើប្រាស់គ្រឿងញៀន គ្រប់គ្រង និងត្រួតពិនិត្យការប្រើប្រាស់អាវុធជាតិផ្ទុះ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបបទល្មើសនានា បន្តរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងទីផ្សារក្នុងស្រុក ផ្សព្វផ្សាយច្បាប់ និងនីតិវិធីទប់ស្កាត់ការធ្វើចំ ណាកស្រុកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទាំង១០ ក្នុងស្រុកសូទ្រនិគម។ លើសពីនេះរដ្ឋបាលស្រុក ប្ដេជ្ញាបន្តពង្រឹងបន្ថែមទៀតលើកិច្ចការសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំសោភ័ណភាព សេដ្ឋកិច្ច សង្គម ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុក ឱ្យកាន់តែល្អប្រសើរ។
ក្នុងកិច្ចប្រជុំឯកឧត្តម នាយឧត្តមសេនីយ៍ បានទទួលយកមតិយោបល់ក្នុងការលើកឡើងនៃកិច្ចប្រជុំ ដើម្បីរកវិធីសាស្រ្តក្នុងការដោះស្រាយ សម្រាប់អភិវឌ្ឍន៍ ឲមានភាពប្រសើឡើងបន្ថែមទៀត។ចំណុចសំខាន់ៗដែលបានលើកឡើងនេះគឺជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញ ណែនាំ បន្ថែមដល់ថ្នាក់នាំស្រុក ឃុំ សង្កាត់ ដើម្បីធ្វើជា មូលដ្ឋាន ក្នុងការចាត់ចែងអនុវត្តការងារ របស់ខ្លួន គួបផ្សំនឹង គំនិតច្នៃប្រឌិត បទពិសោធន៍របស់លោកដែលធ្លាប់មានកន្លងមក។ ឯកឧត្តមសង្ឃឹម ជឿជាក់ថា កិច្ចប្រជុំថ្ងៃនេះ បានរកឃើញនូវធាតុចូល សំខាន់ៗ មួយចំនួនបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវ ចំណុចខ្លាំង ចំណុចខ្វះខាត បទពិសោធន៍ អនុសាសន៍ ដើម្បី យកទៅអនុវត្តបន្ត ក្នុងឆ្នាំ២០២៤នេះ ឲ្យកាន់តែ មានប្រសិទ្ធភាព និងសម្រេចបានជោគជ័យតាមផែនការដែល បានលើកឡើង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានធ្វើការវាយខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលស្រុុកទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលបានសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និង សម្តែងការអបអរសាទរចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ ។
ឯកឧត្តមបានបន្តទៀតថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង ,បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឲ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។ ឯកឧត្តម ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ ព្រោះថាគ្រឿងញៀននេះធ្វើឱ្យអសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ៕