
ឯកឧត្តម សូ ម៉ារ៉ា បង្ហាញថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ គ្រោងនឹងរៀបចំ សកម្មភាពកម្សាន្តជាច្រើនដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល ជាដើម។ល។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឯកឧត្តម បានឱ្យដឹងថាកម្មវិធីបុណ្យទន្លេលើកទី៨នោះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានេះផងដែរ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្ត ជាប់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើន មកចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះ។ ឯកឧត្តម បន្ថែមថា ក្រៅពីមានបំណងចង់ទាក់ទាញភ្ញៀវទេសចរចូលរួមបុណ្យទន្លេ នេះក៏ជាឱកាសបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ នៅតាមបណ្ដាខេត្ត ជាប់តាមដងទន្លេ របស់កម្ពុជាផងដែរ៕