
ក្នុងពិធីនេះ លោកជំទាវ ជា សុកនួន ប្រធានសមាគម បានលើកឡើងថា បច្ចុប្បន្នសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប មានសមាជិកជាង ២៤០នាក់ ដែល៩០% ជាម្ចាស់អាជីវកម្ម ហើយគោលដៅការងារឆ្នាំ២០២៤ គ្រោងនឹងពង្រីកវិសាលសមាជិកដល់ ៣០០នាក់។ លោកជំទាវ បានបន្ថែមផងដែរថា សមាគមតែងតែបង្កើតសកម្មភាព និងវគ្គសិក្សាខ្លីៗ ដើម្បីជម្រុញលើកទឹកចិត្តភាពជាអ្នកដឹកនាំរបស់ស្ត្រី និងជម្រុញអោយស្ត្រីមានភាពក្លាហានដោះស្រាយបញ្ហាទាំងក្នុងគ្រួសារ ទាំងអាជីវកម្ម ប្រកបដោយភាពមោះមុត និងត្រឹមត្រូវ និងជម្រុញចូលរួមសកម្មភាពសង្គមអោយបានច្រើនតាមដែលអាចទៅបាន។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ឱកាសអោយសមាជិកទាំងអស់ណែនាំពីសមាសភាព អាជីវកម្ម និងលើកឡើងពីបញ្ហាប្រឈមនានា ដែលជាកង្វល់របស់ស្ត្រី ដើម្បីឯកឧត្តម បានចូលរួមដោះស្រាយជូន ក៏ដូចជាជម្រុញបន្ថែមនូវសកម្មភាពជាអាទិ៍។ ក្នុងនោះដែរ ឯកឧត្តម អភិបាល បានណែនាំដល់មន្ទីរ-អង្គរភាពពាក់ព័ន្ធ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបន្តកិច្ចសហការអោយបានកាន់ជិតស្និទ្ធជាមួយសមាគមសហគ្រិនស្រ្តី និងចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានា និងចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីជម្រុញសេដ្ឋកិច្ចក្នុងខេត្តសៀមរាបអោយកាន់តែប្រសើរ។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការកោតសរសើរដល់ស្ត្រីគ្រប់រូបដែលបានលះបង់ទាំងកំលាំងកាយចិត្ត ចូលរួមរាល់ការងារសង្គម បើទោះបីជាស្ត្រីមានភាពមមាញឹកខ្លាំងទាំងក្នុងគ្រួសារ និងអាជីវកម្ម។