
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្វផ្សាយនេះដែរ លោកអភិបាលរងខេត្ត មានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រែលែង ដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ អមជាមួយការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដែលបាន និងកំពុងរៀបចំឡើងនៅលើ ទឹកដីនៃខេត្តសៀមរាប-អង្គរដ៏បវរនាពេលនេះ។ លោកក៏បានបន្តថាសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមាន ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយដ៏មានអត្ថន័យនាពេលនេះ។ លោកក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងក្នុងការជំរុញ និងផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប នាពេលកន្លងមក។
ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ បានបង្ហាញថាសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បី ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យឆ្លើយតបទៅនឹងការវិវត្តនាពេលបច្ចុប្បន្ន និងដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវវិធានការគន្លឹះមុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាលក្នុងការជួយស្ដារស្ថានភាពទេសចរណ៍ខេត្តសៀមរាប។ ជាពិសេសតាមរយៈការផ្ដើមដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ២០២៤” ដោយផ្សារភ្ជាប់ជាមួយកញ្ចប់វិធានការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាប ដូចជា៖ វិធានការសម្រួលការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិផ្លូវគោក និងផ្លូវអាកាស, កញ្ចប់វិធានការ លើកទឹកចិត្តផ្នែកពន្ធដារ, កញ្ចប់កម្មវិធីហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យ, ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ វិស័យទេសចរណ៍ និងវិធានការផ្សេងទៀតសម្រាប់ជួយខេត្តសៀមរាបក្នុងឆ្នាំ២០២៤ នេះ។ ឯកឧត្តម បានបន្ថែមថា ក្រោយការរៀបចំប្រកបដោយជោគជ័យ ពិធីប្រកាសបើកជាផ្លូវការ ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤- កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ, ខេត្តសៀមរាបនឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៨ រយៈពេល០២ថ្ងៃ ចាប់ពី ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដោយពិធីបើក ផ្លូវការនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម រដ្ឋលេខាធិការ ជឿជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះនឹងក្លាយជា ធាតុចូលមួយយ៉ាងសំខាន់ សម្រាប់ជំរុញប្រតិបត្តិករទេសចរណ៍ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព សេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា និងឧត្តមានុវត្តខ្ពស់ ស័ក្កសមជាគោលដៅទេសចរណ៍អន្តរជាតិ ដ៏ទាក់ទាញ, ប្រកបដោយគុណភាព, ផ្តល់នូវធនធានទេសចរណ៏សម្បូរបែប, មានការទទួលស្គាល់ជា លក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ, និងមាន ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត៕