
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) នៃក្រសួងពាណិជ្ជកម្ម ដែលបានសហការជាមួយរដ្ឋបាលខេត្ត សៀមរាប និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប(កបបខ) ព្រមទាំងអ្នកពាក់ព័ន្ធ ផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ មួយវិញទៀតពាក់ព័ន្ធវិស័យសហគ្រាសធុនតូច និងមធ្យម ខេត្តសៀមរាប កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តែការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានាតម្រូវការប្រើប្រាស់នៅឡើយ នាំឱ្យមានការហូរ នូវផលិតផលពីបរទេសជាច្រើន ដែលរាប់ទាំងទំនិញ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនេះផលិតផលក្នុងស្រុកក៏មានការជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយផលិតផលនាំចូល។ ការប្រឈមទាំងនេះបណ្តាលមកពីកត្តាជាច្រើន ដូចជាបរិបទនៃការចូលរួមក្នុង ពាណិជ្ជកម្មពិភពលោក ការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការរបស់អ្នក ប្រើប្រាស់ដែលមានការផ្លាស់ប្តូរខ្លាំង។ ម្យ៉ាងវិញទៀតផលិតករ ក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេល វេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបាន ទៀតនោះគឺ ការចូលរួមគាំទ្រទិញផលិតកម្មខ្មែរពីប្រជាជនយើង ដើម្បីជួយឱ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្ម ផលិតផលរបស់ខ្លួនបាន។
ដូចនេះសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នាឱកាសនេះ ពិតជាមានសារៈសំខាន់ដល់សិប្បករ អ្នកផលិតផលគ្រប់ប្រភេទក្នុងខេត្ត ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល ក៏ដូចជាដើម្បីជំរុញការលក់ផលិតផលរបស់ខ្លួនចូលទីផ្សារក្នុង និងក្រៅប្រទេស។ ដើម្បីឱ្យសិក្ខាសាលាថ្ងៃនេះប្រព្រឹត្តទៅសម្រេចបានផ្លែផ្កា លោកអភិបាលរងខេត្ត សូមសំណូមពរដល់សមាជិក សមាជិកាទាំងមូល សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងស្រូបយកចំណេះដឹងពីវាគ្មិនប្រកបដោយបទពិសោធន៍ និងជំនាញក៏ដូចជាលើកជាសំនួរ និងចូលរួមផ្តល់មតិយោបល់ឱ្យបានច្រើន ដើម្បីជាចំណេះដឹង ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួនផងដែរ។ លោកក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមទាំងអស់ ប្រើប្រាស់នូវប្រាស់នូវសិក្ខាសាលានាថ្ងៃនេះ ជាវេទិកាមួយក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់ និងធុរជន ដើម្បីពិភាក្សាគ្នាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារ អ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអាជីវកម្មស្រា ហើយអាចផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់ទាំងនេះឱ្យមានប្រសិទ្ធភាព៕