
សិក្ខាសាលាថ្ងៃនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដែលអាចជួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង តាមរយៈការបណ្ដុះភាពជាអ្នកដឹកនាំ និងជំនាញសំខាន់ៗផ្សេងៗទៀត ដែលសង្គមកម្ពុជាត្រូវការ។ លើសពីនេះទៅទៀត ចំពោះមន្រ្តីរាជការ និស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈការទទួលអាហារូបករណ៍នេះ គឺបានពាំនាំមកនូវគំនិត ចំណេះដឹង និងជំនាញថ្មីៗ និងមានសមត្ថភាពបន្ថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ យ៉ាងណាមិញ សិក្ខាសាលាថ្ងៃនេះ គឺជាការបើកចំហរ និងផ្ដល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន និងនិស្សិត នៅក្នុងខេត្តសៀមរាប ដែលមានបំណងដាក់ពាក្យយកអាហារូបករណ៍ភាសាអង់គ្លេស និងអាហារូបករណ៍ជំនាញទៅសិក្សានៅប្រទេសអូស្ត្រាលីផងដែរ។ ជាមួយគ្នានេះផងដែរ អង្គសិក្ខាសាលាក៏មានវាគ្មិនធ្វើបទបង្ហាញចែករំលែកពីព័ត៌មានលម្អិតក៏ដូចជាបទពិសោធន៍ល្អៗ អំពីការទទួលអាហារូបករណ៍នេះ ពិសេសបេក្ខជនជាស្ត្រី បេក្ខជនមកពីបណ្តាខេត្ត និងបេក្ខជនពិការភាព ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការដាក់ពាក្យយកអាហារូបករណ៍ Australia Awards នេះ។
លោកនាយករងរដ្ឋបាលសាលាខេត្ត ក៏បានសំណូមពរដល់ លោក លោកស្រី អ្នកនាង កញ្ញា នៃអង្គសិក្ខាសាលាទាំងមូល មេត្តាយកចិត្តទុកដាក់ស្តាប់ និងទទួលព័ត៌មានឱ្យបានពេញលេញពីវាគ្មិន ហើយត្រៀមរៀបចំខ្លួន ដើម្បីទទួលយកអាហារូបករណ៍នៅឆ្នាំនេះ ឬនៅឆ្នាំក្រោយៗទៀត។ ជាពិសេស សូម លោក លោកស្រី អ្នកនាង កញ្ញា ប្អូនៗនិស្សិត ដែលបានចូលរួមសិក្ខាសាលានេះ ជួយធ្វើការផ្សព្វផ្សាយបន្តអំពីខ្លឹមសារសិក្ខាសាលានេះ ដល់សាធារណជន និងនិស្សិតដទៃទៀតជ្រាបឱ្យបានទូលំទូលាយ៕