
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានបញ្ជាក់ថា ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មានមនសិកា ស្នេហាជាតិ និង វិជ្ជាជីវ:ក៏ជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលយើងទាំងអស់គ្នា ចាំបាច់ណាស់ ក្នុងការជួយជ្រោមជ្រែង គាំទ្រដល់ដំណើរការអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា» និងការដាក់ចេញនូវវិធាន ការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា។ លោកស្រីបានបន្តទៀតថាជាមួយជោគជ័យ និងការរីកចម្រើនទាំងនេះ យើងក៏នៅមានបញ្ហាសេសសល់ មួយចំនួន និងបញ្ហាថ្មីៗ ជាច្រើនទៀតដែលត្រូវដោះស្រាយយូរអង្វែង និងជាបន្ទាន់ផងដែរដួចជាការអប់រំសីលធម៌ និងសេចក្តីថ្លៃថ្នូរ ក្នុងសង្គម ការបណ្តុះព្រលឹងជាតិ ការលើក កម្ពស់គុណភាពអប់រំ គុណភាពបំណិនជីវិត សុខភាព សុវត្ថិភាព ចរាចរណ៍ អនាម័យ និងអាហារូបត្ថម្ភ ការផ្សារភ្ជាប់ទីផ្សារសេដ្ឋកិច្ច ការអប់រំបច្ចេកទេស ក្លាយជាអង្គភាពផ្តល់សេវាសាធារណៈតាមបែបស្តង់ដារឱ្យបានល្អ ជាពិសេសគឺការប្រមូលកម្លាំង និងធនធាន ក្នុងសង្គមទាំងមូលដើម្បីសម្រេចបាននូវគោលដៅដែលត្រូវធានាឱ្យបាននូវការចូលរៀនរបស់កុមារទាំងអស់គ្នាប្រកបដោយសមធម៌ បរិយាបន្ននិងមានគុណភាពឆ្លើយតបទៅ នឹងកាតព្វកិច្ចសិក្សា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិន្នាការ អន្តរជាតិក្នុងដំណាក់កាល សកលភាវូបនីយកម្ម និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រី សង្ឃឹមថា មេរៀនបទ ពិសោធន៍ការងារអប់រំឆ្នាំសិក្សាកន្លងមកនេះ និងពិភាក្សាកំណត់បាននូវទិសដៅភារកិច្ចសម្រាប់អនុវត្តឆ្នាំបន្ត សំដៅដោះស្រាយ នូវបញ្ហាទាំងឡាយ ដើម្បីធានាការអភិវឌ្ឍបន្តទៅតាមស្តង់ដារមួយដែលកាន់តែមានកម្រិតខ្ពស់ បំពេញតម្រូវការរបស់កុមារ យុវជនប្រជាពលរដ្ឋ និងសំណូមពររីកចម្រើន របស់សង្គមជាតិយើង៕