
លោក នាក់ ណេរ៉ុន ក្នុងនាមគណៈអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមា ដែលបានអញ្ជើញមកដល់ទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និងចូលរួមក្នុងកម្មវិធីបទបង្ហាញនាថ្ងៃនេះ។ លោកបានបន្តថាកម្មវិធីនេះ គឺជាការបើកចំហរ និងផ្ដល់កាលានុវត្តភាពថ្មីមួយដល់ប្អូនៗនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប ឆ្លុះបញ្ចាំងនឹងទ្រឹស្តី។
លោក អភិបាលរងខេត្ត បានបន្ថែមថា លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សឱ្យមានសមត្ថភាពបន្ថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូចនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ប្អូននិស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និងស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សា៕