
ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត ទៅលើការស្នើសុំបង្កើតទីចាត់ការទីក្រុងឆ្លាតវៃ ពាក់ព័ន្ធការងាតធនធានមនុស្សនៃរដ្ឋបាលខេត្ត បញ្ហាការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ និងហ្គាស ក្នុងការចេញនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្ម។ ក្នុងនោះដែរត្រូវបានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធបានធ្វើការបកស្រាយបំភ្លឺ ទៅនឹងសំណួរ របស់សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងផងដែរ។
លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែមីនា ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាសរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង នៅថ្ងៃខាងមុខនេះ និង ការរៀបចំសោភ័ណភាពក្រុង នៅតាមដងស្ទឹង ដងផ្លូវ វិថីនានាក្នុងក្រុង ដេីម្បីរៀបចំធ្វើកម្មវិធីសៀមរាបសង្ក្រាន្តផងដែរ។
ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកប ដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានធ្វេីឱ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៩របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។
ឯកឧត្តម ក៏បានលើកឡើងថា នៅថ្ងៃខាងមុខនេះ នៅខេត្តយើងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដេីម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង ជាការបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្ស ថែរក្សាប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរយើង ប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ។ ការរៀបចំធ្វើសៀមរាបសង្ក្រាន្ត ស្របពេលដូចជាការ គាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ដើមី្បបង្កដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ ឯកឧត្តមក៏បានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ សូមអញ្ជើញមកចូលរួមប្រជុំឱ្យបានគ្រប់គ្នា ហើយកិច្ចប្រជុំសាមញ្ញលើកទី៦០ នាខែឧសភា គឺជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត៕