
កម្មវិធីសាសនា បួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក រួមមានបារមីប្រាងប្រាសាទអង្គរវត្ត និងប្រាសាទបុរាណនានាកេរ្តិ៍ដំណែលស្ថាបត្យកម្មដូនតាខ្មែរ មានលោកតារាជ្យ លោកយាយទេព្យ ព្រះអង្គចេកព្រះអង្គចម បារមីព្រះអង្គធំខ្នងភ្នំគូលែនជាដើមផង ដើម្បីសុំសេចក្តីសុខ នៃកិច្ចដំណើរការព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ឲ្យ ប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ កុំបីក្លាយជាប្រការដទៃឡើយ។ ពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរយើង មានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិតែអំពើល្អ និង មានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ។
ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និង ការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។ ប្រជាជនខ្មែរ ពិតជាមានមោទនភាពក្រៃលែងតាមរយៈនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បានបង្ហាញនូវពិធីសាសនាជាច្រើនដែលទាក់ទងទៅនឹងព្រហ្មញ្ញសាសនា នឹងពិធីផ្សេងៗទៀត ដូចជាពិធីពូនភ្នំខ្សាច់ជាដើម ដែលត្រូវបានប្រារព្ធឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ហើយទាំងនេះ គឺជាការសបញ្ជាក់ដល់ កូនចៅខ្មែរជំនាន់ក្រោយឲ្យ នៅតែគោរពថែរក្សាវប្បធម៌ ប្រពៃណី ជំនឿសាសនាយ៉ាងខ្ជាប់ខ្ជួនបំផុត ៕