
លោកអភិបាលរងខេត្ត បានសម្ដែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាចែករំលែកនូវបទពិសោធ ស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជ្រើសរើសយកខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធ ស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នាពេលនេះ ហេីយអង្គសិក្ខាសាលទាំងអស់នឹងចូលរួមមតិយោបល់ ដើម្បីពិនិត្យ ពិភាក្សាឱ្យបាន
ផុលផុស និងបង្ហាញអំពីបទពិសោធន៍ ដែលធ្លាប់បានអនុវត្តជាក់ស្តែងកន្លងមក ធ្វើការចែករំលែកគ្នាទៅវិញទៅមកសំដៅពង្រឹងសមត្ថភាព និងការលើកកម្ពស់ការអនុវត្ត ការងាររៀបចំដែនដី និងនគរូបនីយកម្មនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កា ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីដើរលើផ្លូវរួមគ្នាប្រកបដោយឆន្ទៈក្នុងការរៀបចំនូវផែនការអភិវឌ្ឍលើវិស័យរៀបចំដែនដី និងនគរូបនីយកម្មដើម្បីក្នុងការគ្រប់គ្រងទីប្រជុំជនឃុំ សង្កាត់ នៃក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក៏ដូចជាគាំទ្រដល់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់បំផុតក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ដល់ដំណើរការនៃការចុះបញ្ជីដីធ្លីឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងគោលបំណងលើកស្ទួយ
ជីវភាពរបស់ប្រជាពលរដ្ឋ(ទីផ្សារដីធ្លី) ដើម្បីកាត់បន្ថយនូវទំនាស់ដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្របតាមគោលនយោបាយជាតិ ស្ដីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។
សិក្ខាសាលានេះ ធ្វើឡេីងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការងាររៀបចំដែនដី និងនគរូបនីយកម្ម លើកម្ពស់ការយល់ដឹងអំពីសច្ចៈសំខាន់ព្រមទាំងចែករំលែកនូវទស្សនទាន និងបទពិសោធ
នៃការងាររៀបចំដែនដី និងនគរូបនីយកម្ម និងជំរុញការងាររៀបចំ និងការអនុវត្តការងាររៀបចំដែនដី និងនគរូបនីយកម្មឱ្យកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព៕