រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងនោះអភិបាលខេត្តក៏បានលើកឡើងពីការរៀបចំប្លង់មេប្រព័ន្ធលូបង្ហូរ ទឹកក្នុងក្រុងសៀមរាប

ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង មន្ទីរ អង្គភាពជុំវិញខេត្តសរុប ៨៥រូប។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០នេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនជាអាទិ៍ អគារសិក្សានៅសាលាបឋមសិក្សាសៀងណាំសណ្តាន់ សោភ័ណបណ្តោយដងផ្លូវ និងគ្រឹះស្ថានឯកជនសាធារណៈនានាក្នុងក្រុង គំនូសចរាចរណ៍ សណ្តាប់ធ្នាប់នៅជុំវិញរបងមន្ទីរបង្អែកខេត្ត បរិស្ថាននៅភ្នំគូលែន និងក្នុងក្រុង ការរំលោភដីចំណីប្រឡាយរបស់ក្រុមហ៊ុនដីឡូតិ៍ ការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុង និងបញ្ហាការជីករណ្តៅដី(គ្មានរបងហំព័ន្ធ)។

ក្នុងនោះដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តក៏បានអនុញ្ញាតជូនលោក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ។ ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភាព ឯកឧត្តម អភិបាលខេត្តក៏បានជំរុញមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់ការលើកឡើងក្នុងអង្គប្រជុំនេះ ហើយឯកឧត្តម អភិបាលក៏បានបញ្ជាក់បន្ថែមដល់អង្គប្រជុំថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរខេត្តនិងអាជ្ញាធរក្រុងនឹងរៀបចំប្លង់មេមួយសម្រាប់ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹកក្នុងក្រុងសៀមរាប ដើម្បីងាយស្រួលគ្រប់គ្រង ក៏ដូចជាការសាងសង់ផ្លូវអោយស្របទៅតាមបទដ្ឋាន។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវអនុវត្តអភិក្រមទី៥(វះកាត់) ដល់មន្ត្រីណាដែលមានភាពអសកម្ម ពិសេសមេឃុំ សង្កាត់ដែលតែងតែធ្វើការបញ្ជាក់លើឯកសារការកាន់កាប់ដីធ្លីដែលគ្មាន មូលដ្ឋានច្បាស់លាស់។ ម្យ៉ាងទៀត មិនអនុញ្ញាតជាដាច់ខាតរាល់សំណង់ណាដែលសាងសង់មុនការអនុញ្ញាត ហើយបើមាននឹងត្រូវវាយកំទិចចោលតែម្តង។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លឺៗ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការកោតសរសើរចំពោះគណៈអភិបាលខេត្តដែលបានខិតខំក្នុងការអភិវឌ្ឍខេត្តសៀមរាបលើគ្រប់ផ្នែក គ្រប់វិស័យ៕

អត្ថបទទាក់ទង