រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា​ បាននាំយកអំណោយជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៦គ្រួសារ ក្នុងស្រុកវ៉ារិន

នៅរសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០២០ លោក​ ចៅ​ ម៉ៅមុន្នី​ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៦ គ្រួសារ ក្នុងស្រុកវ៉ារិន​ (រលំ​ផ្ទះ​ ១ខ្នង​ និងរបេីកដំបូល​ ៥ខ្នង)​ កាលពី​ថ្ងៃទី​ ១៤ ខែមីនា​ ឆ្នាំ២០២០ មកពីឃុំស្រែណូយ​ ៣គ្រួសារ​ និងឃុំល្វាក្រាំង​៣គ្រួសារ​ ។

មានប្រសាសន៍នាឱកាសនោះ លោ​ក​ ចៅ​ ម៉ៅមុន្នី​ សមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា​ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងបានសំដែងនូវការសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសាររងគ្រោះ ដែលនេះជាការរងគ្រោះនឹកស្មានមិនដល់ និងគ្មានអ្នកណាចង់ជួបប្រទះឡើយ ហើយសូមលើកទឹកចិត្តបងប្អូន សូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងតទៅមុខទៀត ដើម្បីជីវភាពក្រុមគ្រួសារ។ លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង​ ១គ្រួសារមាន៖
-​គ្រួសាររលំ​ ទទួលបាន​ មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២​ កន្ទេល១​ មី១កេស​ ត្រីខ១យួរ​ អង្ករ៣០គីឡូក្រាម​ ស័ង្កសី១៦សន្លឹក​ និង​ថវិកា២សែនរៀល​
-គ្រួសាររបេីកដំបូល​ ទទួលបាន​ មុង១​ ភួយ១​ សារុង១​ ក្រមា​១ អាវយឺត២​ កន្ទេល១​ មី១កេស​ ត្រីខ១យួរ​ អង្ករ៣០គីឡូក្រាម​ ស័ង្កសី១០សន្លឹក​ និង​ថវិកា១សែនរៀល​។

ជាមួួយគ្នានេះដែរគ្រួសារនីមួយៗ​ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៤ម៉ឺនរៀល​​៕

អត្ថបទទាក់ទង