រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

  • 75
  • ដោយ vannak

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤ លេខាធិការដ្ឋានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ GBV ស្ថិតក្រោមគណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រី និងកុមារខេត្ត សហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ GBV ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរកិច្ចការនារីខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និង អង្គការដៃគូ ប្រមាណជា ៧០នាក់ចូលរួមផងដែរ។ ដើមី្បលើកកម្ពស់ និង ពង្រីកការផ្តល់សេវាជា ពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងពង្រឹងការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវាការពារជូនជនរងគ្រោះ ដើម្បីឆ្លើយតបឲ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ទន្ទឹមនឹងនេះកិច្ចប្រជុំបានពិនិត្យទៅលើរបាយការណ៍លទ្ធផលសកម្មភាពការងារ ក្នុងឆមាសទី១ ឆ្នាំ២០២៤របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ(GBV) ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ដោយមានកិច្ចសហការល្អជាមួយស្ថាប័ន អង្កភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការសម្របសម្រួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះបានទាន់ពេលវេលា។ លោកស្រី ម៉ននី រងី្ស បានធ្វើការណែនាំ និងជម្រុញដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឲ្យបន្តរៀបចំផែនការសកម្មភាពដាក់បញ្ចូលទៅក្នុងផែនការខេត្ត ក្រុង ស្រុក និងលើកគម្រោងផែនការ ដើម្បីស្នើសុំកញ្ចប់ថវិកាសម្រាប់អនុវត្តផែនការនោះឲ្យមានប្រសិទ្ធភាព។ បន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធនិងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយ:វគ្គបណ្តុះបណ្តាល ពីកញ្ចប់សេវាទាំង៥ និងបន្តពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបានបញ្ជាក់ថា តាមរយ:នៃកិច្ចប្រជុំនេះ សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ, ការរំលោភផ្លូវភេទ និង ការជួញដូរស្រ្តី និងកុមារជាដើមជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ។ លោកស្រីបានលើកផងដែរថា ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ខេត្ត(GBV) មានកិច្ច សហការល្អជាមួយស្ថាប័ន មន្ទីរវិស័យ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រុមការងារ(GBV) ថ្នាក់ ក្រុង ស្រុក ទាំង១២ និង អង្គការដៃគូពាក់ព័ន្ធ ក្នុងការសម្របសម្របួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានទាន់ពេលវេលា។ យោងតាមរបាយការណ៍ជាលទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុម ការងារ(GBV) ថ្នាក់ខេត្ត បានជួយអន្តរាគមន៍ដល់ស្ត្រី និង ក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ សរុប ៨៦ករណី ក្នុងនោះ រំលោភសេពសន្ថវះលើ អនីតិជន ចំនួន ២៦ករណី និង រួមភេទជាមួយអនីតិជនយាយុក្រោម១៥ឆ្នាំ ០៨ករណី ,ប្រទូស្តកេរ្តខ្មាស ០១ករណី និងសញ្ចាកម្មទាក់ទងនឹងពេស្យាចារកុមារ ០១ករណី , រំលោភសេពសន្ថវះលើអនីតិជន និង ទិញពេស្យាចារកុមារ ០១ករណី និង អំពើហិង្សាក្នុងគ្រួសារ សរុប ៤៩ករណី ។ក្នុងនោះដែរកិច្ចប្រជុំក៏បាន ពិភាក្សាទៅលើ ប្រតិទិននៃកិច្ចប្រជុំក្រុមការងារ(GBV) ខេត្តឆ្នាំ២០២៤ និង ការកែសម្រួលសេចក្តីសម្រេចក្រុមការងារ(GBV) ខេត្ត និង ទម្រង់របាយការណ៍សង្ខេបក្រុមការងារ(GBV)ខេត្ត៕

អត្ថបទទាក់ទង