រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អង្គការរ៉ូតារីក្លឹបប្រគល់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច(EMR) ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

  • 69
  • ដោយ vannak

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សេវាសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពអង្គររ៉ូតារីក្លឹប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច សម្រាប់ប្រើប្រាស់ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្ន័យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក MIKIO YANAGIMOTO ប្រធានក្លឹប Moriguchi Everning រួមទាំងឯកឧត្តម អស់លោក លោស្រីជាសមាជិកគណៈកម្មាធិការសាខា អាជ្ញាធរក្រុង អង្គការរ៉ូតារីក្លឹបអង្គរ និង ក្រុមគ្រូពេទ្យ ប្រមាណជា ៩០នាក់ចូលរួម ។ លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបង្ហាញថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានគ្រែ៤៧០ មានអ្នកជម្ងឺសម្រាកជាមធ្យមពី៤០០-៥៥០ក្នុងមួយថ្ងៃ មានអ្នកជម្ងឺពិគ្រោះជាមធ្យម ៤៥០-៥០០នាក់ ក្នុងមួយថ្ងៃ មានការវះកាត់ធំជាមធ្យមពី ៣០-៤០ក្នុងមួយថ្ងៃ ហើយអ្នកជម្ងឺទាំងនេះមានមកពីតាមបណ្តាខេត្តផ្សេងៗ ។ លោកស្រី អា ណា ប្រធានអង្គការរ៉ូតារីក្លឹប អង្គរ និង លោក Mikio Yanagimoto, ប្រធានក្លឹប Moriguchi Everning បានថ្លែងថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ដែលអាចបង្កើតប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះទៅជាគម្រោងមួយ សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ។ ហើយប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលព្យាបាលអ្នកជម្ងឺជាងរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដើម្បីជំនួសកំណត់ត្រាវេជ្ជសាស្ត្រដែលសរសេរដោយដៃបច្ចុប្បន្ន ហើយការកែប្រែក្លាយគុណភាពនៃប្រព័ន្ធគ្រប់គ្រងការពិគ្រោះអ្នកជម្ងឺ នឹងធ្វើឱ្យសេវាវេជ្ជសាស្ត្រប្រសើរឡើងយ៉ាងខ្លាំង។លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហម ខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក(EMR)នេះ ពិតជាបានរួមចំណែកធ្វើឲ្យវិស័យសុខាភិបាលក្នុងខេត្តសៀមរាបមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់និងមានគុណភាព ទៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សម្រាប់លោកជំទាវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ការបំពាក់គ្រឿងឧបករណ៍ទំនើបៗ និងការបំពេញកាតព្វកិច្ចផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់របស់មន្ត្រីសុខាភិបាលយើងគ្រប់រូប ដែលបានធ្វើឱ្យមានការកើនឡើងនូវគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តចំពោះសេវាសាធារណៈរបស់យើង ដូចដែលបានឃើញស្រាប់គឺមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ជាមួយនេះដែរ ដើម្បីឲ្យការគ្រប់គ្រង និងការប្រតិបត្តិការផ្តល់សេវារឹតតែមានប្រសិទ្ធភាព លោកជំទាវបានជម្រុញឲ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សូមមេត្តាខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត គឺត្រូវបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយដៃគូរអភិវឌ្ឍក្នុងការបន្តលើកកំពស់វិស័យសុខាភិបាល និងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ។ លោកជំទាវក៏បានបន្ថែមថា សូមបន្តយកចិត្តទុកដាក់ក្នុងការថែទាំព្យាបាលជម្ងឺឲ្យអស់ពីលទ្ធភាព គ្មានការរើសអើង ជាពិសេសបងប្អូនក្រីក្រ ចាស់ជរា និងជនងាយរងគ្រោះ និង បន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដើម្បីបង្កើនកម្រឹតសមត្ថភាពខិតកាន់តែជិតទៅនឹងតម្រូវការផ្នែកសុខភាព ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធ៌មវិជ្ជាជីវៈ មានឥរិយាបទនិងសំដីសំដៅសមរម្យ រួសរាយ រាក់ទាក់ ឲ្យសក្តិសមជាទេវតាពិតប្រាកដ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង ។នៅក្នុងឱកាសនោះដែរ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានផ្តល់អង្ករដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលចំនួន១០០នាក់ផងដែរ៕

អត្ថបទទាក់ទង