រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរវាង ឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្ត និងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា

  • 58
  • ដោយ vannak

នាព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។ ឯកឧត្តម Jacques Pellet បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា បារាំង-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តភាពដ៏យូរលង់ណាស់ ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។ ឯកឧត្តម Jacques Pellet សង្ឃឹមយ៉ាងមុតមាំថានឹងបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍នានាក្នុងខេត្តសៀមរាប ស្របតាមយុទ្ធនាការ "ទស្សនាសៀមរាប ឆ្នាំ២០២៤"​ និងព្រឹត្តិការណ៍អបអរសាទរប្រទេសនិយាយភាសាបារាំង ដែលគ្រោងនឹងរៀបចំឆ្នាំ២០២៦ខាងមុខនេះ ដើម្បីការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ដើម្បីលើកស្ទួយវិស័យទេសចរណ៍ រវាងប្រទេសទាំង២ និងជំរុញឱ្យមានសម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប និងសាធារណរដ្ឋបារាំង។ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណដល់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ប្រជាជនបារាំង ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ បន្តជួយគាំទ្រ ផ្សព្វផ្សាយ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត។

អត្ថបទទាក់ទង