រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤មានអ្នកចូលរួមរត់ជាង ៣ពាន់នាក់ មកពី៥១ប្រទេស

  • 67
  • ដោយ vannak

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ បានប្រារព្ធធ្វើនៅមុខប្រាសាទអង្គរ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ រៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអង្គភាពស្ថាប័នពាក់ព័ន្ធ ដោយមានអត្តពលិកចូលរួមរត់ចំនួន ៣ពាន់២១នាក់។ ក្នុងនោះអត្តពលិកខ្មែរចំនួន២ពាន់២០៦នាក់ និងអត្តពលិកអន្តរជាតិចំនួន៨១៥នាក់ មកពី៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ គឺ ប្រទេស ជប៉ុន, ចិន ,វៀតណាម ,ចក្រភពអង់គ្លេស និង ថៃ។ ក្នុងព្រឹត្តិការណ៍នៃទិវានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអាជ្ញាធរពាក់ព័ន្ធ ក្រុមអត្តពលិកជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ព្រឹត្តិការណ៍ឆ្នាំនេះ ធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា សំខាន់នៅខេត្តសៀមរាបតែម្ដង ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អត្តពលិកជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយសូមឲ្យការរត់ បានសប្បាយរីករាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ប្រកបដោយសុខសុវត្ថិភាព ហើយសង្ឃឹមថាអត្តពលិកជាតិ និងអន្តរជាតិ នឹងបន្តចូលរួម ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះទៀតផង ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវ ដល់ប្រិយមិត្តជាតិ-អន្តរជាតិ ទាំងអស់ចូលរួម អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ នាថ្ងៃទី៥ សីហានេះ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបន្តស្នាដៃ និងជម្រុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” និង ផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ៕

អត្ថបទទាក់ទង