នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ០៣ សាលាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការេងារជាមួយ ប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ៊ូ ជីងលឹ សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានការិយាល័យភូមិសាស្ត្រ នៃរដ្ឋបាលប្រជាជនខេត្តហ៊ូប៉ី។ ក្នុងជំនួបនេះដែរ លោកប្រធានប្រតិភូ បានលើកឡើងថាខេត្តរបស់លោកមានទំនាក់ទំនង និងកិច្ចសហប្របត្តិការជាមួយព្រះរាជាណាចក្រកម្ពុជាយូរមកហើយ តែដោយមានបញ្ហា និងវិបត្តិមួយចំនួនដូចជា COVID-19 ទើបធ្វើឱ្យកិច្ចសប្រតិបត្តិការរវាងភាគីទាំងពីរមានភាពលំបាកមួយចំនួន។ ក្នុងពេលបច្ចុប្បន្ននេះ ខេត្តរបស់លោកមានកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពត ដោយការវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍។ ក្នុងក្របខ័ណ្ខខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេចរណ៍ លោកក៏មានបំណងសហការលើវិស័យមួូយចំនួនដែលស្របនឹងសក្កានុពលរបស់ខេត្តយើងដូចជា៖១-ការបណ្តុះបណ្តាលអ្នកជំនាញលើវិស័យទេចរណ៍ ដោយខេត្តរបស់លោកមាន សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ២០សាលា ដែលបណ្តុះបណ្តលលើជំនាញចំនួន៣០ ក្នុងនោះក៏មានវិស័យទេចរណ៍ផងដែរ។២-សហការលើវិស័យកសិកម្មដោយខេត្តរបស់លោកអាចជួយលើការសិក្សាពីគុណភាពដី ថាតើដីប្រភេទណាសមនឹងដាំដំណាំអ្វីខ្លះ។ ៣-មានបំណងចង់សិក្សា និងរុករកធនធានរ៉ែធម្មជាតិក្នុងខេត្តសៀមរាប ដោយលោក លើកឡើងថាបឹងទន្លេសាបជាបឹងដ៏ធំមួួយរបស់ព្រះរាជាណាចក្រកម្ពុជា លោកប្រាកដក្នុងចិត្តថានឹងមានធនធានរ៉ែធម្មជាតិជាមិនខាន។ ជាមួយគ្នានោះដែរ លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងប្តេជ្ញាជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាបជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត៕