នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ ដែលមានដូចជាភូមិតាច្រែង ភូមិអូរក្រឡាញ់ ភូមិកោះក្របៅ និងភូមិសំពៅលូន ស្ថិតនៅក្នុង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពិធីប្រគល់ប័ណ្ណកម្មសិទ្ធនោះដែរបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តក្រឡាញ់ ក្រោមវត្តមានលោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគៈអភិបាលខេត្តសៀមរាប និងលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប លោក មឿក សុភី អភិបាលរងស្រុកក្រឡាញ់ព្រមទាំង អស់លោក លោកស្រីតំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងធនាគារ និងអង្គភាពហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាបបានប្រាប់ថាក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។ លោក បានបញ្ជាក់ថាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងឃុំក្រឡាញ់នាពេលនេះគឺមានចំនួន ៤ភូមិ ដែលមានក្បាលដីសរុប ចំនូន ៣២៨៤ក្បាលដី ហើយចេញបណ្ណបាន ២ ៩៨៨ក្បាលដី ក្នុងនោះមាន៖ ភូមិតាច្រែង ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៦៧៧ក្បាលដី ភូមិអូរក្រឡាញ់ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ១០៣៤ក្បាលដី ភូមិកោះក្របៅ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៧២០ក្បាលដី និងភូមិសំពៅលូនចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៥៥៧ក្បាលដី។ លោកបាមបញ្ជាក់បន្ថែមទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀតផងដែរ។
លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះគឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។លោកអភិបាលរងខេត្តសៀមរាបក៍បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ជសពិសេសសូមកុំយកបណ្ណកម្មសិទ្ធិទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។ លោកអភិបាលរងខេត្តក៍បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗហើយសូមឲ្យអាជ្ញាធរឃុំស្រុកនិងមន្រ្តីជំនាញទាំងអស់សូមយកចិត្តទុកដាក់ណែនាំនិងពន្យល់បងប្អូនប្រជាពលរដ្ឋអំពីឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនិងការមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។
នៅក្មុងឱកាសនោះផងដែរលោកលោក សៀន សុខសានអនុប្រធានការិយាល័យពន្ធដារស្រុកក្រឡាញ់ តំណាងសាខាពន្ធដារខេត្តសៀមរាបបានមានប្រសាសន៍ជម្រាបនិងបញ្ជាក់បន្ថែមពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ (វិធី) ដោយ សង្ខេប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលប័ណ្ណកម្មសិទ្ធិ។ ជាការពិតណាស់ ពន្ធគឺជាចំណូល ថវិការដ្ឋ ដ៏ធំជាងគេ និងសំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស។លោកក៍បានមានប្រសាសន៍បញ្ជាក់អំពីប្រភេទពន្ធមួយចំនួនដែលទាក់ទងជាមួយនិងអចលនទ្រព្យដូចជា១. ពន្ធប្រថាប់ត្រាលើការរផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ធ្វើអំណោយ ឬ លក់-ទិញដីធ្លី (ជាប់ពន្ធ)២.ពន្ធអចលនទ្រព្យ និងទី៣ ពន្ធលើដីទំនេរដែលមិនបានប្រើប្រាស់។ក្នុងនោះលោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមចូលរួមកាតព្វកិច្ចឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៍ជាតិក្មុងអនុវត្តព្រមទាំងបញ្ជ្រាបសេវាឲ្យកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋផងដែរ៕