រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមហ៊ុនសំណង់ និង រដ្ឋបាលស្វយត័ក្វាងស៊ីឈួននិងការិយាល័យកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាបបានផ្តល់អំណោយដល់រដ្ឋបាលខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាន អនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនៃខេត្តយូណាន ប្រទេសចិន ដឹកនាំដោយលោក វ៉ាង ឈឺនសៀន ប្រធានក្រុមហ៊ុនសំណង់ និង រដ្ឋបាលស្វយត័ក្វាងស៊ីឈួនចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅសាលាខេត្តសៀមរាប។

ក្នុងការសម្តែងគួសមនោះ លោក វ៉ាង ឈឺនសៀន ក៏បានបញ្ជាក់ពីគោលបំណងរបស់ខ្លួន នៅក្នុងកាលៈទេសៈដែលនៅលើពិភពលោក ជួបនូវវិបត្តនៃជម្ងឺកូវិដ១៩ ហើយនៅកម្ពុជា ក៏ដូចខេត្តសៀមរាបបានទទួលរងនូវជម្ងឺកូវិដ១៩ នេះផងដែរ ។ ដើមី្បបំពេញតម្រូវការចាំបាច់របស់រដ្ឋបាលខេត្តសៀមរាប ស្របពេលដែលប្រជាជនកម្ពុជា រៀបចំទទួលសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅថ្ងៃខាងមុខនេះ លោក បាននាំយកនូវម៉ាសចំនួន១០០០ អាកុល២០ដប និង ទឹកលាងដៃ២០ដប ក្នុងការចូលរួមចំណែងប្រយុទ្ធប្រឆាំង ជម្ងឺកូវិដ១៩ នៅកម្ពុជា ។ ដោយឡែក ការិយាល័យកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប តំបន់ស្វយ័តក្វាងស៊ីឈួន បាននាំយកម៉ាសចំនួន២០កេស ស្មើនឹង៤ម៉ឺនម៉ាស បានផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីលើកទឹកចិត្តនិងគាំទ្រ ចំពោះការអនុវត្ត វិធានការបង្ការទប់ស្កាត់ការឆ្លងវីរុសកូវីត-១៩។

ឯកឧត្តម លីវ ជឺជា កុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាបបានលើកឡើងថា ពិតជាមិនអាចបំភ្លេចបាននោះទេ ក្នុងព្រឹត្តិការណ៍ដំបូងនៃការផ្ទុះឡើង ការរាតត្បាតជម្ងឺកូវីត-១៩នៅប្រទេសចិន ក្នុងនោះឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ជូនម៉ាសប្រមាណ១២ម៉ឺនម៉ាស សម្រាប់ក្រុងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ គឺក្រុងក្វាងស៊ី ,យូណាន ,ណានជីង និងខេត្តជឺជាំង ។ ឯកឧត្តម បានវាយតំលៃថា កម្ពុជា-ចិន គឺជាបងប្អូនពិតប្រាកដក្នុងចំណងសាមគ្គីភាពដែកថែប ចិន-កម្ពុជា រួមបេះដូងតែមួយ ជួយគ្នាក្នុងគ្រាលំបាក ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា អភិបាលខេត្តក៏បានថ្លែងអំណរគុណ នូវទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុន ក្នុងការចូលរួមជា មួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ ។ ក្នុងនោះឯកឧត្តមក៏បានលើកឡើង ពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមក៏បាន លើកផងដែរ ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ដោយផ្សាភ្ជាប់ទៅនឹងគម្រោងរបស់ក្រុមហ៊ុនផងដែរ ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ការផ្តល់អំណោយទាំងនេះ គឺស្របពេលដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត បានរៀបចំគម្រោងចុះផ្ទាល់ដល់សហគមន៍ ហើយម៉ាសទាំងនេះនឹងត្រូវបានចែកជូនដល់មន្រ្តីសុខភិបាល គ្រូពេទ្យតាមមណ្ឌលសុខភាព និងក្រុមការងាររបស់អនុគណៈកម្មការថ្នាក់ស្រុក ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន៕

អត្ថបទទាក់ទង