រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តជំរុញដល់អាជ្ញាធរក្រុង ស្រុក បន្ថែមការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស

  • 16
  • ដោយ vannak

នាព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើក៥របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក លី សារី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីជាថ្នាក់ដឹកនាំសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកជាច្រើនរូប។

ឯកឧត្តម លី សំរិទ្ធ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ នេះបានលើកយករបៀបវារៈទាំង៣ ដែលអង្គប្រជុំត្រូវធ្វើការពិនិត្យពិភាក្សា និងអនុម័តនាពេលនេះ។ ឆ្លងតាមការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត បានលេីកឡេីងនូវបញ្ហាការងារមួយចំនួននៅក្នុងរបាយការណ៍ ។ ក្នុងនោះឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើ បញ្ហាការធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់បងប្អូន ។ ម៉្យាងទៀតរាល់អត្តសញ្ញាណបណ្ណ័សញ្ជាតិ ដែលក្រសួងបានធ្វើរួចផ្តល់ឱ្យគឺត្រូវធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបន្តទៀតថា ជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសការធ្វើអត្តសញ្ញាប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋ។ ម៉្យាងទៀតត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាតឲ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យ នូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌ ភាពតាមទីប្រជុំជន ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិដែលបានឆ្លងកាត់។

ឯកឧត្តម លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ ។ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរ អង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង