រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និង ប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ

  • 47
  • ដោយ vannak

នៅរសៀលថ្ងៃទី ២១ ខែតុលានេះ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និង ប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ អំពី (រតនៈសម្បត្តិខេត្តសៀមរាប ) នៅរោងភាពយន្ត លេជេនសៀមរាប នៃផ្សារទំនើប ហេរីថេតរ៉ក ក្រោមវត្តមានចូលរួម របស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រី តំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ វិស័យឯកជន ព្រមទាំងប្រតិបត្តិករ ជាច្រើនរូបចូលរួម ។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានលើកឡើងថា ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការចូលរួមផ្សព្វផ្សាយអំពីតម្លៃសេវាកម្ម នៃផលិតផលទេសចរណ៍ ក្នុងទម្រង់តែមួយទៅកាន់ពិភពលោក ។ ក្នុងនោះវិស័យឯកជនទទួលស្គាល់ថា វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ អំពីសេវាកម្ម នៃផលិតផលទេចរណ៍ដែលមានក្នុងស្រុក ។ លោកប្រធានបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍ពិភព និង ចែករង្វាន់ដល់ជ័យលាភីផលិតវីដេអូឯកសារ ( រតនសម្បត្តិក្នុងខេត្តសៀមរាប )។ លោកបានលើកឡើងថា កាលពីមុនការរាតត្បាតរបស់ជម្ងឺកូវីដ១៩ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតចំណូលថវិកាជាតិ ហើយក៏ជាពេលដែលបងប្អូននៅក្នុងវិស័យនេះរីករាយខ្លាំងបំផុតផងដែរ។ ប៉ុន្តែជម្ងឺកូវីដ១៩ បានធ្វើឲ្យវិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយបានបង្ខំឲ្យប្រតិបត្តិករទេសចរណ៍មួយចំនួនធ្វើការបិទអាជីវកម្មរបស់ខ្លួន ហើយខ្លះក៏បានផ្លាស់ប្តូរមុខរបរ ។ លោកហ្វីលីព សែតកៅ បន្តថា ក្រោយវិបត្តិកូវីដ១៩ ទាំងរាជរដ្ឋាភិបាល ទាំងអាជ្ញាធរ ទាំងវិស័យឯកជន បានខិតខំយ៉ាងខ្លាំង នៅក្នុងការជួយជម្រុញធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍នេះងើបឈរឡើងវិញ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនៅមានការខ្វះខាតនៅក្នុងការចូលរួមផ្សព្វផ្សាយអំពីតម្លៃ អំពីសេវាកម្ម នៃផលិតផលទេសចរណ៍ ក្នុងទម្រង់តែមួយទៅកាន់ពិភពលោក ដែលនេះបានធ្វើឲ្យយើងហាក់នៅដាច់តែឯង ។

មានប្រសាសន៍នោះដែរលោក ង៉ូវ សេងកាក់ បានឯកភាពទៅការលើកឡើងរបស់លោកប្រធានសមាគមក្លឹបទេសចរណ៍។ បច្ចុប្បន្ននេះវិស័យទេសចរណ៍របស់ខេត្តសៀមរាប មិនទាន់បានល្អប្រសើរដូចមុនការរីករាលដាលជម្ងឺ កូវីដ១៩ក្តី ក៏ប៉ុន្តែតាមតួលេខជាក់ស្តែងឃើញថា យើងមានការកើនឡើងជាលំដាប់ ។ លោកបានបន្តថា ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងក៏ត្រូវខិតខំជម្រុញការផ្សព្វផ្សាយឲ្យកាន់តែទូលំលាយបន្ថែមទៀត ព្រោះថា បើយើងមិនខិតខំផ្សព្វ ផ្សាយនោះទេ វាហាក់បីដូចជាខ្វះអ្វីម្យ៉ាង ដើម្បីទាញយកនូវអ្វីដែលយើងបាត់បង់ដោយសារជម្ងឺកូវីដ ។ លោកក៏បាន គូសបញ្ជាក់ថា ដើមី្បធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប ឲ្យកាន់តែមានភាពប្រសើរឡើង គឺទាមទារទាំងវិស័យ ឯកជនត្រូវចូលរួមអនុវត្តជាមួយអាជ្ញាធរ ដោយផ្តោតសំខាន់ទៅលើតម្លៃសេវា ទំនិញ ម្ហូបអាហារ ក្នុងការលក់ដូរជូនដល់ភ្ញៀវ តម្លៃការស្នាក់នៅ ការដឹកជញ្ជូន និង វត្ថុអនុស្សាវរីយ៍ ឲ្យបានសមស្រប ព្រមទាំងធានាបាននូវគុណភាពទំនិញ ព្រមទាំងធ្វើឲ្យខេត្តសៀមរាបក្លាយជាទិសដៅសម្រាប់ភ្ញៀវមកជុំវិញពិភពលោក មកទស្សនា ថែមទាំងស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ ទន្លេសាប អេកូឡូស៊ី ការទស្សនាថ្ងៃរះចំកំពូលប្រាសាទ និង ថ្ងៃលិច ផលិតផលទេសចរ ដ៏សម្បូរបែបក្នុងខេត្តសៀមរាប ។ លោកអភិបាលរងខេត្ត បានបន្តទៀតថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និង អភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការ ទស្សនាឲ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។

គួរបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបានបញ្ចប់ការរីករាលដាលជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលអណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងការស្តារវិស័យទេសចរណ៍នេះ ជាពិសេសនៅក្នុងខេត្តសៀមរាប ហើយកិច្ចការនេះ ក៏អនុវត្តបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធី ទស្សនាសៀមរាបឆ្នាំ២០២៤។ នេះជាជំហានចំពោះមុខការផ្តោតយកចិត្តទុកដាក់ជាពិសេសទៅលើខេត្តសៀមរាប តាមការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឈានដល់ការទាក់ទាញទេសចរមកកម្ពុជា៕

អត្ថបទទាក់ទង