នៅសណ្ឋាគារបាយ័នអេរ៉ា នាព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការដាក់តាំងសារអប់រំសុខភាពលើតុ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ ដែលរៀបចំឡើងដោយអង្គការ RACHA សហការជា មួយមន្ទីរសុខាភិបាលខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការ UNICEF ដោយមានការចូលរួមរបស់លោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ RACHA និងអស់លោក លោកស្រី ជាតំណាងមន្ទីរពាក់ព័ន្ធ ,គ្រូពេទ្យនៃមណ្ឌលសុខភាពគោលដៅ អាជ្ញាធរឃុំ សង្កាត់ និង វិស័យឯកជន មកពីក្រុមហ៊ុនសណ្ឋាគារ ភោជនីយដ្ឋាន និង អាហារដ្ឋាន ក្នុងខេត្តសៀមរាប ប្រមាណជា ១៥០នាក់អញ្ជើញចូលរួម ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់តំណាងមន្ទីរសុខាភិបាលខេត្តរួចមក លោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ RACHA បានលើកឡើងពីគោលបំណងលើការផ្សព្វផ្សាយនេះ ដើមី្បបង្កើនការយល់ដឹងអំពិអាហារសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និង ផលប៉ះពាល់នៃការបរិភោគអំបិល ខ្លាញ់ ស្ករ ច្រើន និង ជម្រុញការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជន និងប្រជាជន អ្នកធ្វើម្ហូបអាហារតាមភោជនីយដ្ឋាន និង អាហារដ្ឋាន និងធ្វេីឱ្យអាហារដែលមានសុខភាព ។ កត្តានេះហើយ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាអាទិភាព ដល់ការងារអប់រំសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការ ដាក់ចេញនូវសារ និង សម្ភារៈអប់រំសុខភាពជាច្រើនប្រភេទ និងធ្វើការផ្សព្វ ផ្សាយតាមមធ្យោបាយនានា ត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ដោយក្រសួងសុខាភិបាលបានបង្កើតនូវ សម្ភារៈអប់រំសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ សម្រាប់ដាក់តាំងនៅលើតុអាហារ ។
ឆ្លងតាមការធ្វើបទបង្ហាញពីវាគ្មិន ស្តីពីផលអវិជ្ជមាន និង វិជ្ជមាន ក្នុងការប្រើប្រាស់អំបិល ខ្លាញ់ ស្ករ ដែលធ្វើឲ្យ មានបញ្ហាប្រឈមទៅនឹងសុខភាពរួចមក លោក នាក់ ណេរ៉ុន នេះជាសារអប់រំសុខភាពនេះ មានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋយើងគ្រប់គ្នា។ ដើមី្បសារអប់រំនេះមានប្រសិទ្ធភាព យើងទាំងអស់គ្នា មិនថាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង និង ព្រះសង្ឃ សណ្ឋាគារ ភោជនីយដ្ឋាន និង អតិថិជន គឺត្រូវចូលរួមក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ មកប្រើប្រាស់ ឬ បរិភោគ តិចអំបិល តិចខ្លាញ់ តិចស្ករ ព្រមទាំងត្រូវគោរពនូវសារ អប់រំសុខភាពដែលបានដាក់តាំងនៅលើតុ តាមភោជនីយដ្ឋាន អាហារដ្ឋាន នោះសុខភាពរបស់យើងពិតជាមានភាពប្រសើរ ឡើងវិញក្នុងការលើកកម្ពស់សុខភាព។ លោកអភិបាលរងខេត្តក៏បាន បញ្ជាក់ឲ្យដឹងផងដែរ សារធប់រំនេះ ស្របពេលខេត្តសៀមរាបយើងនឹងធ្វើការរៀបចំ ជាខេត្តទេសចរណ៍សុខភាព សំដៅលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋទៀតផង
លោក នាក់ ណេរ៉ុន ក៏បានលើកនូវបទ ពិសោធន៍ និងអនុសាសន៍មួយចំនួន ក្នុងការប្រើប្រាស់ ( តិចអំបិល តិចខ្លាញ់ តិចស្ករ ! ដើម្បីសុខភាពបេះដូងល្អ អាយុយឺនយូរ )និង បានកាត់បន្ថយការទទួលទានសារជាតិប្រៃ ដូចជាអំបិល ទឹកស៊ីអុីវ ទឹកត្រី ប៊ីចេង និងម្សៅស៊ុប និង កាត់បន្ថយ ការទទួលទានខ្លាញ់សត្វ ខ្លាញ់កែឆ្នៃ អាហារបំពង ចៀន កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារដែលមានជាតិស្ករខ្ពស់ ។ លោកក៏បានធ្វើការផ្តាំផ្ញើ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន មេត្តាផ្សព្វផ្សាយបន្ត និងចូលរួមគាំទ្រអនុវត្តនូវសារអប់រំខាងលើ ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក និង សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន បានយល់ដឹងបន្ថែមអំពីការប្រើប្រាស់ និងការទទួលទានហួសកម្រិត ដែលបណ្តាលឲ្យប៉ះពាល់សុខភាព និង កុំឲ្យកើតមានជម្ងឺមិនឆ្លង នៅក្នុងមូលដ្ឋានខ្លួន