រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកកែច្នៃទៅកាន់អ្នកប្រើប្រាស់ ។ ពិធីសម្ពោធនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង លោក គិត ភារ៉ា អគ្គនាយករងជម្រុញពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤នៅបរិវេណសួនច្បារព្រះអង្គងចេកព្រះអង្គចម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ តំណាងរដ្ឋបាលក្រុងសៀមរាប លោក លោកស្រី ជាផលិតករ ពាណិជ្ជករ និងកសិករ ព្រមទាំង និស្សិតនិងសិស្សានុសិស្ស ប្រមាណជា ២០០នាក់ចូលរួម ។
លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ពិព័រណ៍នេះ គឺដើម្បីបង្កើនការផ្សព្វផ្សាយ ការលក់ និងការគាំទ្រឲ្យមានការប្រើប្រាស់បន្លែសុវត្ថិភាពក្នុងស្រុក។ លោកបន្តថា ក្នុងពិរណ៍នេះដែរ នឹងមានការតាំងលក់ផលិតផលបន្លែ និងផ្លែឈើក្នុងស្រុក កម្មវិធីដាល់អំបុក និងកម្មវិធីប្រកួតចម្អិនអាហារ ដែលចូលរួមដោយសមាគមចុងភៅកម្ពុជាផងដែរ ។ លោកបានបញ្ជាក់ថា ការតាំងពិព័រណ៍នាពេលនេះ ដែលមានការចូលរួមពីវិស័យរដ្ឋ វិស័យឯកជន សមាគម អង្គការ អ្នកផលិត កសិករ និងសាលារៀន ដែលមានស្តង់សរុបទាំងអស់ចំនួន៨៥ ដែលមានមកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ជាដើម នឹងជួយបង្ហាញនិងលើកកម្ពស់ផលិតផលខ្មែរឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ពិសេសចំពោះការផលិតនូវបន្លែសុវត្ថិភាព និងការកែច្នៃកសិផលប្រកបដោយគុណភាព។
លោក ឌី រ៉ាដូ ការរៀបចំពិព័រណ៌នេះឡើង ដើម្បីជម្រុញទីផ្សារដល់កសិករ ពិសេសបន្លែ និងផ្លែឈើសុវត្ថិភាព និងជួយរកទីផ្សារ ដេីម្បីកាត់បន្ថយភាពក្រីក្រ ។ ក្នុងពិព័រណ៍នេះ ក៏ជាឱកាសដល់កសិករអាចដឹងពីទីផ្សារថ្មីៗ ដើម្បីត្រៀមរៀបចំផែនការដាំដុះ នាឆ្នាំក្រោយៗទៀតផងដែរ។ ជាមួយនឹងមោទនភាព ដែលសហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តសៀមរាប កំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែយើងសង្កេតឃើញថា ការផលិតរបស់យើងនៅមានកម្រិត និង ពុំទាន់ធានាបានទៅតាមតម្រូវការប្រើប្រាស់នៅឡើយ នាំឲ្យមានការហូរ នូវផលិតផលពីបរទេសជាច្រើន ដែលរាប់ទាំងទំនិញ បន្លែផ្លែឈើ ត្រី សាច់ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះផលិតករ ក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ លោកអភិបាលរងខេត្ត បានកោតសសើរ ចំពោះក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ដើម្បីធ្វើឲ្យកាន់តែប្រសើរ ឡើងក្នុងការលើកកម្ពស់កាសុវត្ថិភាពនិងគុណភាពផលិតផលក្នុងស្រុក។ លោកក៏មានសង្ឃឹមជឿជាក់ថា ការតាំងពិព័រណ៍ផលិតផលខ្មែរ បន្លែនិងផ្លែឈើនាពេលនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់ផលិតករ កសិករ ពាណិជ្ជករ និងចូលរួមទាំងអស់៕