រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤​ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ​ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង

  • 2
  • ដោយ vannak

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្តីព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានធ្វើការដោះស្រាយជូនបងប្អូនជាបណ្តើរៗ។​ នៅបរិវេណសួនច្បារព្រះរាជដំណាក់​ ចុងសប្តាហ៍ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្តបានអមជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤​ ៤៣៧បណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ​ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងនោះក្រុងសៀមរាបត្រូវចេញបណ្ណចំនួន ៣ពាន់១១៩បណ្ណ ក្នុងនោះចំនួន៣ពាន់៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ​ និងស្រុកប្រាសាទបាគង ត្រូវចេញបណ្ណចំនួន ១ពាន់៣២៨បណ្ណ ក្នុងនោះចំនួន ១ពាន់៣២៧ បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ៩ បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។

ឯកឧត្តម ប្រាក់ សោភ័ណ ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន បានប្រជុំជាបន្តបន្ទាប់ ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ ក្រុង/ស្រុក រួមមាន៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង ស្មើនឹង៧១ ឃុំ/សង្កាត់ ដោយសម្រេចបានចំនួន ៧ពាន់ ២១៣ ទីតាំង (ស្មើនឹង៦៣%) មានទំហំ ២៣៥លាន ៤៥៦ពាន់ ៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋ ចំនួន ៧០ពាន់ ៤០២ ក្បាលដី ក្នុងនោះមាន ទីតាំងបុរាណដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានសម្រេចដកចេញពីបញ្ជី ១ពាន់១០៦ ទីតាំង ស្មើនឹងទំហំ ១២លាន១៩ពាន់៨៦៤ ម៉ែត្រក្រឡា។ ទីតាំងដីបុរាណដ្ឋានស្នើសុំថ្នាក់ដឹកនាំសម្រេច ចំនួន ១ ពាន់២៧ ក្បាលដី ទំហំ ១១៩លាន៩៧៤ពាន់៧២ ម៉ែត្រក្រឡា។ ឯកឧត្តមបានបន្តថា ក្បាលដីអាចចុះបញ្ជីជូនប្រជាពល រដ្ឋចំនួន ១៨ពាន់៧៩៧ ក្បាលដី ស្មើនឹងទំហំ ២៩លាន៦៥៦ពាន់៤៦៧ ម៉ែត្រក្រឡា។

បន្ទាប់ពីតំណាងប្រជាពលរដ្ឋទាំង ៥៣ភូមិបានធ្វើការសាទរ និង ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងអាជ្ញាធរខេត្ត និងមន្ទីរជំនាញរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងអាណត្តិនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យបញ្ចប់បញ្ហាចម្រូងចម្រាសនៅក្នុងសង្គមជាតិកម្ពុជា។ ឯកឧត្តមបន្តថា បញ្ហារបស់យើងមានមួយចំនួន ប្រសិនបើយើងទៅដោះទាំងអស់វាពិបាកបន្តិចនៅក្នុងពេលតែមួយ ដូច្នេះយើងត្រូវធ្វើកិច្ចការមួយចំនួនព្រមគ្នា ដើម្បីបង្កើតនៅបរិយាកាសមួយ ដែលជាបរិយាកាសលែងមានវិវាទសម្រាប់សង្គមជាតិយើងទាំងមូលតែម្តង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយរំដោះឆ្នាំ១៩៧៩ មកបានដល់ពេលនេះហើយ យើងគួរចំណាយពេលវេលារៀបចំស្រុកទេសរបស់យើងឱ្យបានល្អ និងរៀបចំជីវិតរបស់ប្រជាពលរដ្ឋឱ្យបានល្អជាជាងយើងស្ថិតនៅក្នុងស្ថានភាពមួយដែលមិននឹងនរក្នុងចិត្ត និងស្ថិតនៅក្នុងស្ថានភាពមួយដែលយើងមានវិវាទជាមួយគ្នា នេះជារឿងមួយដែលមិនចំណេញសម្រាប់យើង មិនចំណេញសម្រប់សង្គមជាតិទេ ដូច្នេះ យើងត្រូវធ្វើកិច្ចការយើងដើម្បីដោះស្រាយបញ្ហានឹងទាំងអស់គ្នា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនចូលរួមដោះស្រាយទេ បញ្ហានឹងក៏មិនដឹងជាធ្វើយ៉ាងមិចដែរ ហើយវានឹងនូជាមួយយើងតជំនាន់។ ជាមួយនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរអរគុណអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា មន្រ្តីក្រសួងរៀបចំដែនដី ភូមិបាលក្រុង ស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើឲ្យដំណើរការនៃការចុះបញ្ជីក្បាលដីប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះផងដែរ ៕

អត្ថបទទាក់ទង